(កូរ៉េ)៖ តារាចម្រៀងប្រុស Youngjae សមាជិក Got7 ថ្មីៗនេះបានចេញមុខបដិសេធភ្លាមៗ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានវាយតបទៅលើមិត្តរួមថ្នាក់វិទ្យាល័យ ដែលមានពិការភាពម្នាក់កាលពីប៉ុន្មានឆ្នាំមុន ខណៈបច្ចុប្បន្នក្រុមការងាររបស់តារាប្រុសរូបនេះ កំពុងស្រាវជ្រាវបន្ត និងបានព្យាយាមទៅអ្នកដែលបានធ្វើការចោទប្រកាន់មកលើសិល្បកររបស់ខ្លួន ប៉ុន្តែគ្មានការឆ្លើយតប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sounth China Morning Post នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

បើតាមផលិតកម្មដែលតារាប្រុស Youngjae កំពុងជ្រកកោនគឺ JYP Entertainment បានរាយការណ៍ឲ្យដឹងថា ពួកគេសូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ទាំងនេះ មកលើសិល្បកររបស់ខ្លួន បន្ទាប់ពីមានមនុស្សម្នាក់បានអះអាងថា រូបគេជាមិត្តរួមថ្នាក់របស់តារាប្រុស Youngjae រួចត្រូវបានតារាប្រុសរូបនេះ វាយតប់ និងជំរិតទារប្រាក់ពីរូបគេ កាលពីប៉ុន្មានឆ្នាំមុន។

ផលិតកម្ម JYP បានបន្តថា សិល្បកររបស់ពួកគេ គឺ Youngjae បានសារភាពថារូបគេនិងមិត្តរួមថ្នាក់វិទ្យាល័យមានការប៉ះទង្គិចគ្នាផ្នែករាងកាយទៅវិញទៅមក ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគេទាំងពីរមិនអាចប្រសើរឡើងវិញឡើយចាប់ពីពេលនោះមក ប៉ុន្តែចំពោះការវាយតប់ និងជំរិតទារប្រាក់ ដូចដែលគេបានចោទប្រកាន់នោះ គឺសុទ្ធតែមិនមែនជាការពិតនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ផលិតកម្ម JYP បានព្យាយាមទាក់ទងទៅអ្នកចោទប្រកាន់នោះ ដើម្បីធ្វើការបកស្រាយលំអិត ប៉ុន្តែគ្មានការឆ្លើយតបនោះឡើយ។

គួរជម្រាបថា តារាប្រុស Youngjae ត្រូវបានគេស្គាល់ថា ក្រៅពីជាសមាជិកក្រុមចម្រៀង K-POP បរុស Got7 ហើយនោះ លោកក៏ជាតារាសម្តែង, អ្នកនិពន្ធចម្រៀង និងជាអ្នកដឹកនាំកម្មវិធីមួយរូបផងដែរ។ លោក បានបញ្ចប់ការសិក្សានៅវិទ្យាល័យសិល្បៈរបស់កូរ៉េ ក្នុងឆ្នាំ២០១៥ និងបានសិក្សាបន្តនៅសាកលវិទ្យាល័យ Seokyeong ផ្នែកភាពយន្ត៕