(សេអ៊ូល)៖ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ បានថ្លែងឱ្យដឹងថា ក្រុមហ៊ុន Google បានប្រើប្រាស់អំណាច និងសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ ឬមិនយុត្តិធម៌ទៅលើទីផ្សារ ដែលទង្វើនេះបានរំលោភលើច្បាប់របស់ប្រទេសកូរ៉េខាងត្បូង និង រំលោភលើសិទ្ធិប្រកួតប្រជែងអន្តរជាតិ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Joh Sung-wook ប្រធាន គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បាននិយាយថា តាមរយៈការស៊ើបអង្កេត បានរកឃើញថា ក្រុមហ៊ុន Google បានដាក់កម្រិត ឬក៏បិទបាំងនូវការផ្សព្វផ្សាយរបស់ដៃគូប្រកួតប្រជែងរបស់ខ្លួន តាមរយៈការប្រើប្រាស់ Platform របស់ខ្លួន ទៅលើ ទីផ្សារ កម្មវិធីទូរស័ព្ទ និងប្រព័ន្ធដំណើរការ (OS)។

មានន័យថា នៅពេលដែលក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងប្រើប្រាស់សេវាកម្មណាមួយរបស់ Google ក្នុងការផ្សព្វផ្សាយនូវផលិតផល ឬសេវាកម្មរបស់ពួកគេ គឺ Google បានរារាំង ឬដាក់កម្រិតទៅលើការផ្សាយពាណិជ្ជកម្មនោះ មិនឱ្យមានប្រសិទ្ធភាព ឬទៅដល់ដៃអតិថិជន ក្នុងគោលដៅមិនចង់ឱ្យផលិត ឬសេវាកម្មរបស់គូ ប្រជែងមានប្រជាប្រិយភាពជាងខ្លួន។

KFTC មានគម្រោងប្រកាសបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេត រួមជាមួយនឹងភស្ដុតាងជាច្រើនដែលខ្លួនរកឃើញ ហើយនៅពេលនេះ ឯកសារផ្លូវច្បាប់មួយចំនួនកំពុងរៀបចំដើម្បីប្ដឹងក្រុមហ៊ុន Google។

នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ KFTC បានបង្ហាញផងដែរថា ក្រុមហ៊ុន Google បានបិទទីផ្សារក្នុងស្រុកសម្រាប់ ក្រុមហ៊ុន ប្រព័ន្ធដំណើការរបស់ក្រុមហ៊ុន Samsung និងកម្មវិធីមួយចំនួនដែលត្រូវដាក់នៅលើ Google Play Store សម្រាប់ប្រទេសកូរ៉េ៕