(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងឈរនៅចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោម ៥៥ក្រុមនៅអឺរ៉ុប សម្រាប់វគ្គចែកពូលលេងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ដែលមាន ៣២ក្រុមចូលរួម។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នេះថា អឺរ៉ុបដែលមាន ១៣កៅអីច្រើនជាងគេសម្រាប់ World Cup 2022 នោះ នឹងធ្វើការបែងចែកពូលលេងវគ្គជម្រុះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មុនការប្រកួតចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែដដែល ឆ្នាំ២០២២។

បន្ថែមលើនេះ ការតាំងនៅក្នុងផើងនីមួយៗនៃក្រុមជម្រើសជាតិ ក៏អនុលោមទៅតាមចំណាត់ថ្នាក់នៃ FIFA World Ranking ផងដែរ។

បច្ចុប្បន្នការប្រកួតនៅតំបន់អាហ្វ្រិក អាស៊ី និងអាមេរិក បានចាប់ផ្តើមដំណើរការហើយ នៅឡើយតែទ្វីបអឺរ៉ុបដែលមាន ៥៥ប្រទេសនៅមិនទាន់ប្រកួតនៅឡើយ ដោយសារតែជួបវិបត្តិកូវីដ-១៩ និងជាប់ដៃប្រកួតពាន UEFA Nations League 202-2021 នៅឡើយ។

ព្រឹត្តិការណ៍ដែលមានរយៈពេល ១ខែពេញ World Cup 2022 នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតាតែមួយគត់ ដោយមាន ៣២ប្រទេសចូលរួម ចែកចេញជា ៨ពូល ដោយក្នុង ១ពូលមាន ៤ក្រុម៕