(បរទេស)៖ គ្រោះទឹកជំនន់ គឺជាគ្រោះមហន្តរាយមួយដ៏កំណាច ដែលតែងឆក់យកជីវិតមនុស្សរៀងរាល់ឆ្នាំ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិនានាជុំវិញពិភពលោក។ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ?
នៅប្រទេសចិន ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញរាប់ពាន់ឆ្នាំមកហើយ តែប្រជាជននៅតែទ្រាំរស់នៅជាមួយការលិចលង់នេះតាំងពីបុរាណដល់ពេលបច្ចុប្បន្ន ហើយក៏តែងតែមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំដែរ។
គ្រោះមហន្តរាយដ៏កំណាចនេះ គឺបង្កឡើងដោយទន្លេសំខាន់ៗចំនួន ២ គឺទន្លេឆាងជាំង (យ៉ង់សេ) និងទន្លេលឿង ខណៈប្រជាជនប្រមាណ ៣៥០ លាននាក់កំពុងរស់នៅតាមដងទន្លេឆាងជាំង និងប្រមាណ ១០០ លាននាក់ទៀតរស់នៅតាមដងទន្លេលឿង។
យោងតាមគេហទំព័រ Nikkei Asia បានបង្ហាញថា នៅឆ្នាំ២០២០នេះ ប្រជាជនចិនប្រមាណ ២.៧ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយប្រមាណជាង ៦៣ លាននាក់ទៀតបានរងផលប៉ះពាល់។
យោងតាមការកត់ត្រា នៅឆ្នាំ១៨៨៧ ទន្លេលឿងបានជន់លិចលើផ្ទៃដីប្រមាណ ៣០,០០០ គីឡូម៉ែត្រការ៉េ ធ្វើឱ្យលិចលង់ភូមិដ្ឋានរបស់ប្រជាជនចិនអស់ប្រមាណ ១,៥០០ ភូមិ។ រីឯទន្លេឆាងជាំងនៅភាគខាងត្បូងនោះវិញ ក៏តែងតែបង្កឱ្យមានទឹកជំនន់គួរឱ្យភ័យខ្លាចខ្លាំងណាស់ ខណៈទឹកជំនន់ធំបំផុតបានកើតឡើងនៅឆ្នាំ១៨៨៧ បង្កឱ្យមានអ្នករងគ្រោះប្រមាណ៩០០,០០០ នាក់។ រហូតមកដល់ឆ្នាំ១៩៣៨ ទឹកជំនន់ក៏បានបង្កឱ្យមានអ្នករងគ្រោះប្រហាក់ប្រហែលនឹងឆ្នាំ១៨៨៧ ដែរ។
ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក ប្រទេសចិនតែងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់។ ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានកសាងទំនប់ច្រកភ្នំចំនួន ៣ ចាប់ពីឆ្នាំ២០០៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេឆាងជាំង ឬទន្លេយ៉ងសេនេះ។
ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនទៀតដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ ក្នុងនោះរួមមានប្រទេសឥណ្ឌា បង់ក្លាដែស វៀតណាម ប៉ាគីស្ថាន ឥណ្ឌូនេស៉ី អេហ្ស៉ីប មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន នីហ្សេរីយ៉ា ប្រេស៉ីល ថៃ កុងហ្គោ អ៉ីរ៉ាក់ ព្រមទាំងកម្ពុជាផងដែរ។
នៅប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានប្រជាជនចំនួន ៣៩ នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះ និងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥ គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់។
ជាការពិតណាស់ អ្នកវិទ្យាសាស្ត្របានចែកគ្រោះទឹកជំនន់ជាបីប្រភេទធំៗ៖
* ទឹកជំនន់តំបន់វាលទំនាប៖ កើតឡើងដោយសារទឹកឡើងចាលមិនអាចហូរចេញតាមប្រព័ន្ធផ្លូវទឹកទាន់ពេល ហើយក៏ហៀរចេញទៅយាយីតំបន់ទំនាបៗជុំវិញ។ ជួនកាល ទឹកជំនន់ពន្លិចទំនាបធំធេងរហូតដល់ផ្ទៃទឹកក្លាយទៅជាបឹង។
* ទឹកជំនន់តំបន់ជ្រោះ៖ កើតឡើងដោយសារមានភ្លៀងធំធ្លាក់មកយ៉ាងគំហុក ធ្វើឱ្យទឹកជន់ឡើងស្រឺតៗសាយរីកធំយ៉ាងរហ័ស។ ហេតុការណ៍ដូច្នេះធ្លាប់កើតឡើងនៅតំបន់វ៉ែសុនឡារ៉ូម៉ែន (Vaison la Romiane) ក្នុងប្រទេសបារាំង កាលពីខែកញ្ញា ឆ្នាំ១៩៩២។
* ជំនន់ទឹកភ្លៀង៖ កើតមកពីការបង្អុរព្យុះភ្លៀងធំផ្ទួនៗ ពុំអាចឱ្យទឹកជ្រាបចូលទៅក្នុងដីទាន់ពេល ដោយទីតាំងខ្លះជាផ្លូវក្រាលកៅស៊ូ ឬបេតុង ចំណតយានយន្ត ឬហូរចូលលូមិនទាន់។ ករណីបែបនេះធ្លាប់កើតមាននៅទីក្រុងនីម (Nimes) ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ១៩៨៨៕