(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានប្រកាសអំពីលទ្ធផលអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេលបីត្រីមាសដំបូង សម្រាប់ឆ្នាំ២០២០។ នេះបើតាមលទ្ធផលអាជីវកម្មដ៏ប្រសើរ របស់ក្រុមហ៊ុន Huawei ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ ដែលត្រូវបានប្រកាស នៅទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Huawei ទទួលបានប្រាក់ចំណូលប្រមាណជាង៦៧១.៣ពាន់លានយ័ន (ស្មើនឹង១០០.៦ពាន់លានដុល្លារអាមេរិក) ដែលមានអត្រា កើនឡើង ប្រមាណ៩.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំកន្លងទៅ ហើយសមាមាត្រប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺមាន៨.០%។

អំឡុងពេលពេញបីត្រីមាសដំបូង នៃឆ្នាំ២០២០ លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន Huawei គឺសម្រេចបានទៅតាមការរំពឹងទុក ជាមូលដ្ឋានរបស់ក្រុមហ៊ុន។

នៅពេលដែលពិភពលោក កំពុងតែពុះពារជាមួយជំងឺ COVID-19 សង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន Huawei ទទួលរងសំពាធយ៉ាងខ្លាំង រួមទាំងប្រតិបត្តិការរបស់ខ្លួន ជួបប្រទះបញ្ហាប្រឈមដ៏ស្វិតស្វាញជាច្រើន។

ក៏ប៉ុន្តែក្រុមហ៊ុន នៅតែបន្តធ្វើការឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកដំណោះស្រាយនានា ដើម្បីពុះពារ និងដើរឆ្ពោះទៅមុខទៀតជានិច្ច ហើយថែមទាំងអាចបំពេញ នូវកាតព្វកិច្ចរបស់ខ្លួន ទៅកាន់អតិថិជន និង អ្នកផ្គត់ផ្គង់ផងទៀតផង។

នៅពេលមុខទៀត ក្រុមហ៊ុន Huawei បង្កើនអានុភាពនៃកំលាំងរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា ICT ដូចជា៖ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ប្រព័ន្ធផ្ទុកទិន្នន័យ (Cloud), ប្រព័ន្ធ5G, និង ប្រព័ន្ធកុំព្យូទ័រ (Computing) ដើម្បីផ្តល់ជាដំណោះស្រាយ ដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ ក្នុងការអភិវឌ្ឍន៍កម្មវិធីឧស្សាហកម្ម និង បង្ហាញពីគុណប្រយោជន៍នៃបណ្តាញ 5G រួមជាមួយនឹងដៃគូនានា។

គោលដៅដែលក្រុមហ៊ុន បានកំណត់រួចមកហើយថា នឹងជួយដល់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួកគេរីកលូតលាស់ និងជួយដល់រដ្ឋាភិបាល ក្នុងការបង្កើនសន្ទុះឧស្សាហកម្មក្នុងស្រុក ហើយផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាល និងកែលំអរអភិបាលកិច្ចទាំងមូលផងដែរ។

បច្ចេកវិទ្យា ICT បានក្លាយជាមូលដ្ឋានគ្រិះនៃសង្គមទំនើប និងជាអ្នកនាំផ្លូវយ៉ាងសំខាន់នៅពីក្រោយ នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និង បរិស្ថានប្រកប ដោយនិរន្តរភាព។

ក្រុមហ៊ុន Huawei ជឿជាក់ថា ការអភិវឌ្ឍន៍ដែលមានសន្ទុះខ្លាំង និងមានភាពមាំមួន នៅក្នុងវិស័យឧស្សាហកម្ម ICT នេះ នឹងត្រូវពឹងផ្អែកទៅលើ ការសហការដោយចំហ និងការជឿទុកចិត្តគ្នាទៅវិញទៅមក នៅទូទាំងឧស្សាហកម្មជាសកល។

ក្នុងអត្ថន័យនេះហើយ ក្រុមហ៊ុននឹងបន្តធ្វើការឲ្យកាន់តែជិតស្និត ជាមួយនិងដៃគូសហការសកលរបស់ខ្លួន និង ប្រើប្រាស់បច្ចេកវិទ្យា ICT ដ៏មានភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីបង្កើតជាគុណតម្លៃវិសេសជាងមុនទៅទៀត ដល់អតិថិជន ហើយបើទោះបីជាក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងស្ថានភាពស្មុគស្មាញក្នុងពេលបច្ចុប្បន្នក៏ដោយ។

ក្រុមហ៊ុន នឹងនៅតែបន្តចូលរួមចំណែក ក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19, ការលូតលាស់នៃសេដ្ឋកិច្ច និង ការវិវឌ្ឍន៍នៃសង្គម។

សូមបញ្ជាក់ថា ទិន្នន័យហិរញ្ញវត្ថុ ដែលបានបង្ហាញនេះ គឺជាតួលេខប្រមួលផ្តុំដែលមិនទាន់បានធ្វើសវនកម្មអនុលោម ទៅតាមបទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៅឡើយទេ។ អត្រាប្តូរប្រាក់នៅចុងខែកញ្ញា ឆ្នាំ២០២០: US$1 = CNY6.8101៕