(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Patrick Bamford ធ្វើបានហែតទ្រីក (៣គ្រាប់) ម្នាក់ជាលើកទី១ ក្នុងក្លិប Leeds United ក្នុងជ័យជម្នះ ៣-០ ទៅលើម្ចាស់ផ្ទះ Aston Villa ក្នុងសប្តាហ៍ទី៥ នៃ Premier League ដើម្បីបញ្ចប់ការលេងមិនចាញ់ចាប់ពីបើករដូវកាលមករបស់ Aston ផងដែរ។
លទ្ធផលនេះ ក៏ជាជ័យជម្នះច្រើនគ្រាប់ទៅលើគូប្រកួតជាលើកទី៣ ផងដែរក្នុងលីគកំពូលអង់គ្លេសគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០០២ មក ក្នុងនាមជាក្រុមដែលទើបឡើងមកលេងនៅ Pemier League រដូវកាល ២០២០-២០២១ នេះផងដែរ។
១គ្រាប់ដំបូងរបស់កីឡាករ Bamford គឺបានកើតឡើងនៅនាទី៥៥ នៅដើមវគ្គទី២ មុនបន្ថែម ២គ្រាប់ទៀត ដើម្បីបាន hat-trick នៅនាទី៦៧ និងនាទី៧៤ ពីការជ្រោមរបស់មិត្តរួមក្រុម Klich និង Helder Costa នៅកីឡដ្ឋាន Villa Park នារាត្រីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ប្រចាំសប្តាហ៍ទី៥ ជើងទី១ នៃ Premier League។
តែយ៉ាងណា ការបាត់បង់ ៣ពិន្ទុលើដំបូងក្នុងចំណោម ៥ប្រកួត ក៏នៅតែធ្វើឲ្យ Aston Villa បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Everton ដដែល ដោយមាន ១២ពិន្ទុ គ្រាដែលក្រុមរបស់លោក Carlo Ancelotti មាន ១៣ពិន្ទុ និង Leed United ឈរនៅលេខរៀងទី៣ មាន ១០ពិន្ទុ៕