(បាសេឡូណា)៖ ខ្សែការពារសំខាន់ Sergio Ramos បានវិលត្រឡប់មកហ្វឹកហាត់វិញ ដើម្បីលេងជំនួប El Clasico ទល់នឹង FC Barcelona រាត្រីថ្ងៃសៅរ៍នេះ ខណៈលោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅក្លិប Real Madrid ពុំអារម្មណ៍រងសម្ពាធពីការបណ្តេញពីតួនាទីឡើយ។
នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែតុលា ប្រធានក្រុម Ramos បានវិលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ក្រោយពេលជារបួសតិចតួចរបស់គេកាលសប្តាហ៍មុន ដែលធ្វើឲ្យកីឡាករអេស្ប៉ាញរូបនេះខកខានជំនួបបើកឆាក UEFA Champions League ដែលចាញ់ក្រុមភ្ញៀវ Shakhtar Donetsk ផងដែរ។
តែយ៉ាងណា សម្រាប់អ្នកចាត់ការទូទៅសញ្ជាតិបារាំង Zidane ពុំមានអារម្មណ៍ភ័យព្រួយ ឬរងសម្ពាធអ្វីទេ ពីការប្រឈមបណ្តេញចេញជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹក ក្រោយដឹកនាំលេងចាញ់ ២ប្រកួតក្នុងដីចុងក្រោយនេះ។
Zidane បានថ្លែងក្នុងសន្និសីទមុនជំនួបទល់នឹង FC Barcelona ក្នុងជំនួបដែលត្រូវបានគេឲ្យឈ្មោះថា «El Clasico» ក្នុងសប្តាហ៍ទី៧ នៃ La Liga ផងនោះត្រូវបានដកស្រង់ចេញផ្សាយដោយ Live Score ថា «យើងអាចមើលឃើញពីការគាំទ្រហើយថាយ៉ាងម៉េច ក៏ប៉ុន្តែពេលនេះ យើងផ្តោតតែទៅលើអ្វីដែលយើងមិនសមទទួលបានប៉ុណ្ណោះ។ មានតែការប្រកួតមួយគត់ដែលអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន នោះជាចំណុចល្អរបស់បាល់ទាត់។ នៅពេលអ្នកទទួលលទ្ធផលមិនល្អ អ្នកត្រូវតែផ្លាស់ប្តូរអត្តចរិត និងគុណភាពរបស់អ្នកឡើងវិញ»។
គួរបញ្ជាក់ផងថា ជំនួប El Clasico រវាង Real Madrid ប៉ះ FC Barcelona នឹងធ្វើឡើងនៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យនាម៉ោង ២១៖០០នាទីយប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅពេលដែល Real Madrid បានរងបរាជ័យ ២ប្រកួតជាប់គ្នាក្នុងនោះចាញ់ Cardiz ១-០ ក្នុងលីគ និងចាញ់ Shakhtar Donetsk ៣-២ គ្រាដែល Barcelona បំបាក់ក្រុម Ferencvros ៥-១ នៅ Champions និងចាញ់ Getafe ១-០ ក្នុងលីគ៕