(ភ្នំពេញ)៖ ការប្រកួតជើងឯកក្នុងសាល(Futsal) ថ្នាក់ជាតិ ឆ្នាំ២០២០ បានចាប់ឆ្នោតបែងចែកពូល និងប្រកាសបើការប្រកួតរដូវកាលថ្មីហើយ ដោយមានបេក្ខភាពចូលរួម ២៥ក្រុមមកពី ៤រាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពិធីបើក និងចាប់ឆ្នោតនៅមជ្ឈមណ្ឌល The Blue កាលពីល្ងាចមិញ។
លោក ខៀវ សាម៉េត បានបញ្ជាក់ថា នេះគឺជាឆ្នាំទី៤ ហើយ ដែលសហព័ន្ធត្រៀមបើកយុទ្ធនាការការប្រកួតបាល់ទាត់ក្នុងសាលប្រចាំឆ្នាំ២០២០ ទោះប្រឈមនឹងជំងឺកូវីត-១៩ យ៉ាងណាក៏ដោយ នៅតែមិនអាចរាំងស្ទះការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឡើយ ព្រោះនេះគឺជាផែនការយុទ្ធ សាស្រ្តអភិវឌ្ឍរបស់សហព័ន្ធ ដើម្បីចូលរួមដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ។
ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន ពោលគឺមាន ២៥ក្រុម ក្នុងនោះមាន ១ក្រុមមកពីខេត្តកំពង់ធំ ១ក្រុមមកពីខេត្តបន្ទាយមានជ័យ ១ក្រុមមកពីខេត្តកំពត និងក្រុមផ្សេងៗ គឺជាក្រុមនៅរាជធានីភ្នំពេញ ។ ចំពោះរូបមន្ដប្រកួត សហព័ន្ធបានចែងចែកជា ៥ពូល ដោយក្នុងមួយពូលមាន ៥ក្រុម ។ បន្ទាប់ពីធ្វើការប្រកួតវិលជុំ ក្រុមឈរលេខ១ នៃពូលទាំង ៥ និងក្រុមលេខ២ ល្អជាងគេចំនួន ៣ក្រុម នឹងឡើងវគ្គ ៨ក្រុមចុងក្រោយ ។
ទន្ទឹជាមួយគ្នា អនុប្រធានសហព័ន្ធដដែល បានលើកទឹកចិត្ត និងអំពាវនាវដល់ក្រុម ពិសេសកីឡាករគ្រប់ក្រុមទាំងអស់ ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិនេះផង និងត្រៀមក្លាយជាក្រុមតំណាង ក៏ដូចជាកីឡាករតំណាងជាតិ ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្ដរជាតិ ដែលរៀបចំដោយសហព័ន្ធអន្ដរជាតិ ជាក់ស្ដែងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជាដើម ។
ឆ្លៀតឱកាសបើក និងចាប់ឆ្នោតការប្រកួតរដូវកាលថ្មី នៃព្រឹត្តិការណ៍បាលល់ទាត់លើទីលានខ្នាតតូចនេះដែរ សហព័ន្ធ ក៏បានចុះអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុន Heineke ប្រចាំកម្ពុជា ដែលជាដៃគូឧបត្ថម្ភថ្មីដល់ការប្រកួតជើងឯកក្នុងសាលឆ្នាំ២០២០ នេះផងដែរ ។ ចំពោះក្រុមជើងឯកឆ្នាំនេះវិញ នឹងទទួលបាន ២០លានរៀល គ្រាដែលការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែវិច្ឆកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ៕