(អាមេរិក)៖ បន្ទាប់ពីបើកឱ្យមានការបញ្ជាទិញទុកជាមុននូវ iPhone 12 និង iPhone 12 Pro នោះ នៅថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ ក្រុមហ៊ុន Apple បានចាប់ផ្ដើមចែកចាយនូវ iPhone ទាំងពីរម៉ូដែលខាងលើទៅតាម Store នីមួយៗនៅតាមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។

បើតាមការបញ្ជាក់ពីអ្នកជំនាញ និងម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅភ្នំពេញបានឱ្យដឹងថា បើសិនជាដូចរាល់ឆ្នាំ iPhone 12 និង 12 Pro អាចនឹងមកដល់ស្រុកខ្មែរនៅថ្ងៃនេះ ប៉ុន្តែដោយសារតែបញ្ហាជំងឺរីករាលដាលកូវីដ-១៩ អាចធ្វើឱ្យការដឹកជញ្ជូនមានភាពយឺតយាវ ដូច្នេះនៅស្រុកខ្មែរអាចនឹងមាននៅដើមសប្ដាហ៍ក្រោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នេះបានឱ្យដឹងថា នៅពេលនេះ អតិថិជនដែលបានបញ្ជាទិញ iPhone 12, iPhone 12 Pro និង iPad Air 4 គឺអាចនឹងទទួលបាននៅក្នុងថ្ងៃនេះ ឬយ៉ាងយូរបំផុតដើម សប្ដាហ៍ក្រោយ ខណៈដែលការបញ្ជាក់ទិញ iPhone 12 mini និង iPhone 12 Pro Max នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ពីការលក់ iPhone iPhone 12 និង 12 Pro នោះទេ ខណៈដែល អ្នកវិភាគបានលើកឡើងថា iPhone ទាំងពីរនឹងលក់បានយ៉ាងហោចណាស់ ២លានគ្រឿងនៅក្នុងរយៈពេល ២៤ម៉ោង៕