(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់នូវហេតុផលធំៗចំនួន២ ដែលជំរុញឲ្យក្រសួងទេសចរណ៍ សហការជាមួយ NOCC និងអាជ្ញាធរពាក់ព័ន្ធ ជម្នះរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ ដែលគ្រោងធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ទោះបីការរៀបចំរងសម្ពាធខ្លាំង ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែតុលានេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយសារឆ្នាំ២០២០ គឺជាខូប ២៥ឆ្នាំ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍ខាងលើ ដូច្នេះទោះបីរៀបចំក្នុងកម្រិតតូចយ៉ាងណាក្ដី ក៏ត្រូវតែរៀបចំដែរ ។ ម្យ៉ាងកាលដែលក្រសួងសុខាភិបាល អនុញ្ញាតឲ្យរៀបចំ ក៏ដោយសារព្រឹត្តិការណ៍នេះ អាចគ្រប់គ្រងមនុស្សចូលរួមបានដែរ ។ ហេតុនេះ NOCC នឹងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ក្រោមវិធានការគ្រប់គ្រងដ៏ច្បាស់លាស់ ។
លោកថា «យើងខិតខំរៀបចំនេះ ក្នុងកម្រិតតូចមួយ មិនឲ្យវាបាត់ ដោយសារវាជាខួប ២៥ឆ្នាំផង ហើយកុំឲ្យវាដល់ដើមវិញ ។ យើងដឹងថា កាលពីឆ្នាំ១៩៩៦ លើកទី១ ដែលធ្វើម៉ារ៉ាតុងនៅសៀមរាប មានតែខ្មែរ និងបរទេសជាង ៣០០នាក់ចូលរួមប៉ុណ្ណោះ ។ ចឹងបើយើងមិនត្រលប់ទៅហ្នឹងវិញ វាអាក្រក់មើលណាស់ ។ ចឹងយើងផ្ដល់នូវការទុកចិត្តមួយ ហើយត្រូវមានការផ្សព្វផ្សាយ យើងត្រូវតែធ្វើ ប៉ុន្ដែយើងសូមធ្វើក្នុងរបត់ថ្មី ពិធីសារថ្មី របៀបរបបថ្មី ។ នេះគឺជាវិធានការយើងត្រូវធ្វើ យើងខិតខំប្រឹងប្រែង ដើម្បីឲ្យព្រឹត្តិការណ៍នេះ ជួយដល់ប្រតិបត្តិករទេសចរណ៍ និងសេដ្ឋកិច្ចយើង» ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានពន្យល់ថា «ហេតុអ្វីយើងមិនលុប សម្ពាធប៉ុណ្ណឹងហើយ ហេតុអ្វីមិនព្រមលុប? ចឹងបច្ចេកទេស ក្រសួងសុខាភិបាលចង់បានជាងគេ គឺអាច Control(គ្រប់គ្រង)មនុស្សចូលរួមបាន ។ ឧទាហរណ៍ថា ព្រឹត្តិការណ៍របស់ជាតិបុណ្យអុំទូកអញ្ចឹង មិនអាចគ្រប់គ្រងបានទេ ។ មនុស្សចូលមកទាំងអស់មកអត់អាចគ្រប់គ្រងបានទេ អត់មានអត្តសញ្ញាណមកពីណាទេ? ចឹងគេពិបាក ហើយបុណ្យសមុទ្រអីហ្នឹងក៏អញ្ចឹងដែរ ពេលមហាជនចូលរួមច្រើន មិនអាចគ្រប់គ្រងបានទេ...» ។
«ប៉ុន្ដែកីឡា គឺមានអត្តសញ្ញាណច្បាស់លាស់ អាចត្រួតពិនិត្យ និងតាមដានបាន ឧទាហរណ៍ បាល់ទាត់អនុញ្ញាតឲ្យអ្នកទស្សនាចឹង ។ កាលមុនលក់សំបុត្រមិនបាច់អត្តសញ្ញាណ តែឥលូវលក់ត្រូវបានកំណត់អត្តសញ្ញាណ...អាចគ្រប់គ្រង ។ ចំណែកម៉ារ៉ាតុងរបស់យើង ក៏អញ្ចឹងដែរ ។ វិធានការយើង ក៏អញ្ចឹងដែរ បានន័យថា អ្នកចូលរួមទាំងអស់ មានអត្តសញ្ញាណសម្គាល់ទាំងអស់ ឧទាហរណ៍អ្នករត់ ២១គីឡូម៉ែត្រ ១០០នាក់ ពេលគាត់មកត្រូវសម្ដៅទៅរកកន្លែងឈរ តាមការរៀបចំមានគម្លាតត្រឹមត្រូវ ហើយពេលរត់ ក៏គាត់រត់ក្នុង ២១គីឡូម៉ែត្រដែរ ។ ចឹងដល់មានអ្នកណាកើត គេអាចរកក្នុងហ្នឹងបាន ពិសេសអ្នកស្និទ្ធ ។ ក្រសួងសុខាភិបាល គឺចង់បានអញ្ចឹង» ។ លោក វ៉ាត់ ចំរើន បន្ថែម ។
យ៉ាងណាមិញលោកបានសម្ដែងការសោកស្ដាយជាខ្លាំង ដែលព្រឹត្តិការណ៍ដ៏ធំ ធ្លាប់មានអ្នកចូលរួមរ៉ាប់ម៉ឺននាក់នេះ ត្រូវរៀបចំក្នុងទ្រង់ទ្រាយតូចខុសពីឆ្នាំមុន ដោយសារវិបត្តិកូវីដ-១៩ ក្នុងឱកាសខួប ២៥ឆ្នាំបែបនេះ ដ្បិតតាមគម្រោង គណៈកម្មការគ្រោងរៀបចំពិធីដ៏ធំ ដើម្បីកីឡា និងទេសចរណ៍ ដែលជួយដល់សង្គម សេដ្ឋកិច្ច សកម្មភាពកីឡា និងជាព្រឹត្តិការណ៍អូសទាញទេសចរណ៍ដ៏ធំមួយ នៅខេត្តសៀមរាប ។ លើសពីនេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ចំណូល សម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ខ្លួនផងដែរ ។
គួរបញ្ជាក់ថា ទន្ទឹមជាមួយការត្រៀមរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឆ្នាំ២០២០ នាពេលខាងមុខ លោក វ៉ាត់ ចំរើន ក៏បានប្រគល់ថវិកាទទួលបានពីការរៀបចំ កាលពីឆ្នាំ២០១៩ សរុបចំនួន ១៤៤,៦១១ដុល្លារ ដល់អង្គការដៃគូមនុស្សធម៌ផងដែរ ក្នុងនោះកាកបាទក្រហមកម្ពុជា ១០,០០០ដុល្លារ, មន្ទីរពេទ្យគន្ធបុប្ផា ៥,០០០ដុល្លារ, អង្គការ Cambodia Trust ៣,៦០០ដុល្លារ, អង្គការ Handicap International Belgium ៣,០០០ដុល្លារ, មន្ទីរពេទ្យកុមារអង្គរ ១១១,២១១ដុល្លារ និងអង្គរបេះដូងមាស ដែលមានអង្គការបុត្រសម្ព័ន្ធចំនួន ៥ នូវថវិកា ១១,៨០០ដុល្លារ ផងដែរ៕