(កណ្តាល)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១១៥គ្រួសារ រស់នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ទទួលបានអំណោយសម្រាលការលំបាក ពី ក្លឹប រ៉ូថារី ចតុមុខភ្នំពេញ។

ការចែកអំណោយជូនប្រជាពលរដ្ឋចំនួន១១៥គ្រួសារនេះ គឺបានសហការជាមួយសមាគមន៍ក្លឹបរ៉ូថារី សេនត្រល សមាគមន៍ រ៉ូថារី កាពីតល ក្រុមហ៊ុនជាងប៉ាក់វ៉ាន់ហុង មូលនិធិមុទិតា (តំណាង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា) និងមូលនិធិ Khmer sight ។

លោកស្រី ទ្បេង ផល្លី ប្រធានក្លឹបរ៉ូថារីចតុមុខភ្នំពេញ បានឲ្យដឹងថា អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋទាំង១១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីទ្បូ មី១កេស ត្រីខ៥កំប៉ុង អំបិល១គីទ្បូ ទឹកត្រី១ដប មុង១ ភួយ១ សាប៊ូ១ដុំ ទឹកអាកុល និងជែលលាងដៃ១ដប ខោអាវកីទ្បាសម្រាប់កុមារតូចៗ សៀវភៅ ខ្មៅដៃ សម្រាប់កុមារតូចៗ នំស្រួយលីលី នំបុ័ង និងទឹកបរិសុទ្ធ។

លោកស្រីបានថ្លែងបន្តថា ទោះបីជាអំណោយទាំងនេះ តិចតួចក្តីក៏ជាការរួមចំណែកមួយ ក្នុងការជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋយើង បានមួយរយៈពេលខ្លី អំឡុងពេលរងគ្រោះដោយទឹកជំនន់នេះផងដែរ។

គួរបញ្ជាក់ថា ក្លឹប រ៉ូថារី ចតុមុខភ្នំពេញ មានសមាជិកជាង១.២លាននាក់ និងមានអាយុកាលជាង១១០ឆ្នាំមកហើយ ព្រមទាំងបានជួយដល់កុមារ ដែលមានជំងឺស្វិតដៃជើង ជាង២៥លាននាក់។ ក្នុងនោះដែរសមាគមន៍ រ៉ូថារី បានផ្តោតទៅលើគោលការណ៍ចំនួន៦ចំនុចធំៗ គឺសន្តិភាព, ការប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ, អនាម័យទឹកស្អាត, សង្រ្គោះកុមារ និងមាតា, ការអប់រំ, និងសេដ្ឋកិច្ចក្នុងតំបន់៕