(អវកាស)៖ នៅពេលថ្ងៃ ប្រសិនបើយើងមើលពីផែនដីទៅកាន់លម្ហអវកាស យើងនឹងឃើញមេឃមានពណ៌ខៀវខ្ចី ប៉ុន្តែប្រសិនបើយើងមើលនៅពេលយប់ គ្មានពណ៌អ្វីក្រៅពីពណ៌ខ្មៅងងឹតនោះទេ។

មេឃដែលយើងឃើញនោះគឺជាលម្ហអវកាស ឬលម្ហចក្រវាឡ ដែលចក្រវាឡនេះមានពណ៌មួយបែបដែលយើងនឹកស្មានមិនដល់ ឬតែងតែយល់ខុសថាជាពណ៌ខៀវខ្ចី។ តើចក្រវាឡមានពណ៌អ្វីពិតប្រាកដ?

នៅឆ្នាំ២០០២ ក្រោយពីបានពិគ្រោះអំពីកាឡាក់ស៉ីចំនួន ២០០,០០០ ដែលបានមកពីការស្ទង់មើលបាតុភូតនៃការបម្លាស់ទីទៅរកផ្លូវក្រហមរបស់កាឡាក់ស៉ី។ កិច្ចពិគ្រោះនេះធ្វើឡើងនៅប្រទេសអូស្ត្រាលី។

ក្នុងពេលនោះ អ្នកវិទ្យាសាស្ត្រអាមេរិកមួយក្រុមមកពីសកលវិទ្យាល័យ ចនស៍ ហុបគិនស៍ បានធ្វើសេចក្ដីសន្និដ្ឋានថា ចក្រវាឡ គឺមានពណ៌បៃតងខ្ចី មិនមែនពណ៌ខ្មៅស្នាមអុចពណ៌ខៀវ ដូចដែលយើងមើលឃើញនោះទេ។

ប៉ុន្មានសប្ដាហ៍ក្រោយបន្ទាប់ពីសេចក្ដីថ្លែងការណ៍នេះ សមាគមតារាសាស្ត្រនៃសហរដ្ឋអាមេរិក ក៏បានរកឃើញកំហុសឆ្គងក្នុងការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ ចនស៍ ហុបគិនស៍ ខាងលើ ដែលតាមពិតទៅ ចក្រវាឡ គឺមានពណ៌ត្នោតស្រអាប់ច្រើនជាង។

ជាលទ្ធផល ក្រុមអ្នកតារាសាស្ត្រ ក៏ដូចជាពិភពលោកទាំងមូលបានយល់ឃើញចុងក្រោយថា «ចក្រវាឡទាំងមូល គឺមានពណ៌ត្នោតស្រអាប់»៕