(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋខ្មែរយើងជាច្រើន នៅតាមបណ្តារាជធានី-ខេត្ត កំពុងតែប្រឈមទៅនឹងបញ្ហាគ្រោះទឹកជំនន់នោះ យើងក៏សង្កេតឃើញមានការចូលរូមយ៉ាងមម៉ាញឹកពីរាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងការជួយបរិច្ចាកថវិកា អង្ករ ស្បៀងអាហារ និងឧបករណ៏សំភារៈផ្សេងៗ ដល់អ្នករងគ្រោះដោយសារទឹកជំនន់ផងដែរ។

ដោយឡែក សំរាប់ក្រុមហ៊ុនជីហ្គៀ គ្រុប និង ក្រុមហ៊ុន LG Electronics Cambodia ក៏បានចូលរូមចំណែកក្នុងការឧបត្ថម្ភ ជាអង្ករដែលមានចំនួន ២៥តោន ទៅតាមបណ្តាខេត្តមួយចំនួនដូចជា អង្ករ៥តោន សំរាប់រាជធានីភ្នំពេញ ៥តោនសំរាប់ខេត្តកំពង់ស្ពឺ ៥តោនសំរាប់ខេត្តពោធិ៍សាត់ ៥តោនសំរាប់ខេត្តបាត់ដំបង និង ៥តោនសំរាប់ខេត្តកំពង់ធំ។

បន្ទាប់ពីនោះទៀត ក្រុមហ៊ុនទាំងពីរក៏បានរៀបចំជាទីតាំង សំរាប់បោកគក់សំលៀកបំពាក់ និងសម្ងួតដោយឥតគិតថ្លៃ ដើម្បីជាការជួយសំរួល ដល់កងកំលាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះថ្នាក់ ដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ ដែលទីកន្លែងបោកគក់សំលៀកបំពាក់ នោះមានទីតាំងខាងមុខផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ខដង្កោ រាជធានីភ្នំពេញ។

ដោយក្រុមហ៊ុនបានរៀបចំ ម៉ាស៊ីនបោកគក់ LG ចំនួន ៥គ្រឿង និងម៉ាស៊ីនសម្ងួតចំនួន ៣គ្រឿង ហើយនឹងមានក្រុមការងារ ដើម្បីជួយសំរួលក្នុងការបំរើសេវាកម្មផងដែរ៕