(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឆ្នាំ២០២០ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែតុលា នៅសាលដំបូងទូក នៃពហុកីឡដ្ឋានជាតិ ខណៈកីឡាករ-កីឡាការិនីមកពីក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ដែលមានកីឡាករ-កីឡាការិនីសរុប ១៣៣នាក់ មកពី ២២សមាគម-ក្លិប ចូលរួមប្រកួតក្របខណ្ឌក១ និងក២ លើវិញ្ញាសាចំនួន ៨ ក្រុមកីឡាករ-កីឡាការិនី នៃសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ៧, ប្រាក់ ៦ និងសំរឹទ្ធ៦ ស្របពេលក្លិបស៊ីធីស្ពត ឈ្នះមេដាយមាស ១ និងក្លិបសន្ធរម៉ុកថ្មី ឈរលេខ៣ ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤។

ថ្លែងក្នុងពិធីបិទការប្រកួតលោក គៀត ច័ន្ធថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីតុកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងអស់ពីសមត្ថភាពប្រកួតរយៈពេល ៦ថ្ងៃពេញ ដែលឆ្លុះបញ្ចាំងឲ្យឃើញការវិវត្តន៍រីកចម្រើនទាំងសមត្ថភាព បច្ចេកទេស និងកាយសម្បទាគួរឲ្យកត់សម្គាល់។ ដូច្នេះលោកបានជំរុញកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕