(ភ្នំពេញ)៖ បើនិយាយពីត្រីក្រឹម ដែលជាប្រភេទមច្ឆាមានរូបរាងតូចជាងប្រភេទមច្ឆាផ្សេងៗ ប៉ុន្តែ វាមានរូបរាងស្អាត និងរំលេកពណ៌ឆោមរូបយ៉ាងស្រស់ស្អាត ហើយក៏មានប្រជាជនខ្មែរយើងមួយចំនួនធំស្គាល់ច្បាស់ថា ត្រីក្រឹមដែលស្រស់ស្អាត់ គឺមានតែរបស់បរទេសនោះទេ ក៏ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជាវិញ គឺមានពូជត្រីក្រឹមជាច្រើនប្រភេទ ដែលក្នុងចំណោមនោះមានពូជត្រីក្រឹម ៥ប្រភេទជាពូជត្រីកម្រ និងស្រស់ស្អាតមិនចាញ់ពូជត្រីបរទេសនោះទេ។

បើតាមលោក លឹមលី ស៊ីផាត ប្រធានសមាគមត្រីក្រឹមកម្ពុជា ក្នុងពិធីប្រកួតសម្រស់ត្រីក្រឹមកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមការងារជំនាញរបស់លោក បានរកឃើញពូជត្រីក្រឹមព្រៃកម្រ ៥ប្រភេទ ខណៈប្រភេទ Betta Stiktos ក្នុងចំណោមពូជត្រីក្រឹមទាំង៥ ត្រូវអន្តរជាតិទទួលស្គាល់ថាមាននៅតែកម្ពុជា បន្ថែមពីនេះ ក្រុមការងាររបស់លោកក៏កំពុងតែសិក្សាបញ្ជូនសំណាកត្រីក្រឹម ក្រឹមមាស ត្រីក្រឹមកួយ និងត្រីក្រឹមក្រពាំងឫស្សី ទៅធ្វើ DNA នៅអាមេរិក ដូចដែលមានធ្វើកន្លងមកជាមួយពូជត្រីក្រឹមព្រៃចំនួន៥ពូជកន្លងមក។

លោកបានលើកឡើងថា បើក្រឡែកទៅមើលបរទេសដូចជាប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងប្រទេសនៅទ្វីបអឺរ៉ុប គឺបានខិតខំផលិត អភិរក្ស និងបង្កើនគុណភាពត្រីក្រឹមតាំងអំលរនេះយ៉ាងខ្លាំង ជាពិសេសមានប្រទេសខ្លួន ដាក់បញ្ជូលប្រភេទត្រីក្រឹមដែលមានក្នុងស្រុករបស់គេជាប្រទេសត្រីមានតម្លៃ និងជាជលសត្វតំណាងជាតិ ដោយយោងតាមប្រវត្ដិ និងទំនាក់ទំនងប្រពៃណី របស់ជាតិគេផងដែរ។

លោក លឹមលី ស៊ីផាត បានរំឮកថា បើក្រឡេកទៅមើលអតីតកាលប្រជាជនកម្ពុជា បានចាត់ទុកការលេង ឬបញ្ជល់ត្រីក្រឹម ជាល្បែងកម្សាន្ត ក្នុងចំណោមល្បែងកម្សាន្តផ្សេងៗទៀត នាឱកាសឈប់សម្រាក ឬជួបជុំគ្នាជាដើម។ ដោយឡែកបច្ចុប្បន្ននេះ ត្រីក្រឹមត្រូវបានក្លាយជាប្រភេទត្រីដាក់តាំងនៅក្នុងផ្ទះ ឬកន្លែងធ្វើការព្រោះថាប្រភេទត្រីក្រឹមវាមានរូបរាង និងសម្រស់ស្រស់ស្អាត ដែលជាផ្នែកមួយញ៉ាំងអារម្មណ៍មនុស្សឱ្យស្រស់ស្រាយក្រោយពេលបំពេញការងាររួចរាល់ បន្ថែមទៀតផងដែរ។

លោក លឹមលី ស៊ីផាត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «តាំងពីបង្កើតជាសមាគម រយៈពេល៤ឆ្នាំមកនេះ ក្រុមការងារបានខិតខំស្រាវជ្រាវរកប្រភេទពូជត្រីក្រឹម ក្នុងស្រុកដែលបច្ចុប្បន្ននេះ ក្រុមការងារសិក្សាស្រាវជ្រាវរកបានប្រភេទពូជត្រីចំនួន ៥ពូជ ដែលក្នុងចំណោមនោះមានពូជត្រីក្រឹមព្រៃខ្មែរ ឈ្មោះ Betta Stiktos ត្រូវបានអន្តរជាតិទទួលស្គាល់ និងមានវត្តមាននៅតែខេត្តស្ទឹងត្រែង មួយប៉ុណ្ណោះ និងមានវត្តមានតែនៅក្នុងប្រទេសកម្ពុជាតែមួួគត់ ក្រោយសិក្សាស្រាវជ្រាវលើពូជត្រីក្រឹមនេះ តាមរយៈបញ្ជូនសំណាកទៅធ្វើ DAN នៅសហរដ្ឋអាមេរិករួចមក ក្រុមការងារបានខិតខំបង្កាត់ និងអភរក្សពូជត្រីក្រឹម Betta Stiktos នេះ កុំឱ្យបាត់បង់»

«ក្រៅពីប្រភេទត្រីក្រឹម Stiktos នេះ កម្ពុជា ក៏មានប្រភេទត្រីក្រឹមចំនួន ៤ទៀតរួមមាន៖ ប្រភេទ Betta Imbellis, ប្រភេទត្រីក្រឹម Betta Splenden, ប្រភេទត្រីក្រឹម Betta Siamorientalis និងប្រភេទត្រីក្រឹម Betta Trapeang Rusaaie ហើយក្រុមការងាររបស់លោកបាននឹងខិតខំស្រាវជ្រាវរកពូជត្រីក្រឹមព្រៃនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមថែរក្សា និងអភ្សពូជត្រីក្រឹមនេះឱ្យនៅគង់វង្ស»

លោកក៏ជម្រាបជូនទៅសាធារណៈជន ឱ្យបានជ្រាបថា នៅក្នុងប្រទេសកម្ពុជា ក៏មានប្រភេទពូជត្រីត្រឹមល្អ មិនចាញ់ត្រីបរទេសនោះទេ។

ប្រធានសមាគមត្រីក្រឹមកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមទៀត៖ «ក្រៅពីប្រភេទត្រីក្រឹមខាងលើកម្ពុជា ក៏មានប្រភេទពូជត្រីក្រឹមមាស ត្រីក្រឹមកួយ (នៅតំបន់ជាប់ព្រៃឡង់ ដែលសំបូរជនជាតិកួយរស់នៅ ហើយត្រីក្រឹមប្រភេទនេះ គឺពូកែជល់ និងមានភាពល្បីល្បាញពីសំណាក់អ្នកនិយមលេងបញ្ជល់ត្រីក្រឹម) ហើយក្រុមការងារបានស្វាសស្វែងរកពូជត្រីនេះដែរ ដោយចុះទៅដល់ខេត្តកំពង់ធំ ព្រះវិហារ និងពូជត្រីក្រឹមត្រពាំងឫស្សី ក៏ប៉ុន្តែ ដោយសារតែយើងអត់ទាន់ធ្វើអត្តសញ្ញាណកម្មពួកវាតាមលក្ខណៈវិទ្យាសាស្ត្រ ដើម្បីសិក្សាពី DNA របស់វាឱ្យទាន់ច្បាស់លាស់នៅឡើយទេ»

បើតាមលោក លឹមលី ស៊ីផាត បានដឹងថា សមាគមរបស់លោកត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំមកហើយ ដោយមិនស្វែងរកប្រាក់ចំណេញនោះទេ ហើយគោលបំណងបង្កើតសមាគមត្រីក្រឹមកម្ពុជានេះឡើង ដើម្បីឱ្យចិញ្ចឹមត្រី និងក្រុមអ្នកបង្កាត់ត្រីក្រឹម ឱ្យជួបជុំគ្នាពិភាក្សាផ្តល់យោបល់បង្កើនគុណភាពត្រីក្រឹមនៅក្នុងប្រទេសកម្ពុជា ឱ្យស្របតាមស្តង់ដារជាមួយប្រភេទត្រីក្រឹមអន្តរជាតិជាដើម៕