(ភ្នំពេញ)៖ ទីផ្សារការិយាល័យបានចាប់ផ្តេីមផ្លាស់ប្តូរទៅកាន់តំបន់បឹងកេងកង១ហេីយ ដែលជាតំបន់មានភាពពេញនិយម និងល្បីល្បាញនៅទីក្រុងភ្នំពេញសំរាប់ជនបរទេស ដោយសារតំបន់នេះមានអ្វីៗគ្រប់សព្វបែបយ៉ាង ដែលជួយសម្រួលដល់ការរស់នៅ និងធ្វើឲ្យបែបផែនជីវិតមានភាពរស់រវើក។

ដោយមើលឃើញនិន្នាការនេះ អ្នកវិនិយោគគម្រោង Golden Tower 322 បានចាប់ផ្តើមសាងសង់អាគារពាណិជ្ជកម្មចម្រុះ រួមមានការិយាល័យ និងខុនដូយ៉ាងប្រណីត ជាមួយនឹងតម្លៃសមរម្យសំរាប់អតិថិជន។ Golden Tower 322 ជាអគារពាណិជ្ជកម្មបែបចម្រុះឈានមុខគេមួយ និងត្រូវបានសាងសង់ ដោយផ្អែកលើគំរូនៃការិយាល័យរបស់ក្រុមហ៊ុន Google ខណៈអគារមួយនេះនឹងនាំមកនូវការរិយាល័យ ដែលជម្រុញដោយកិត្យានុភាពដល់តំបន់នេះ។

លោក ខៀវ ម៉ានិត អ្នកផ្ដាច់មុខលក់គម្រោង Golden Tower 322 បានឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ថា Golden Tower 322 ជាអាគារមានលក្ខណៈពិសេស ដោយកន្លែងទទួលបានវីអាយភី មានកម្ពស់៦ម៉ែត្រ ដែលជាប្រកាន់ខ្ជាប់នូវការរចនាការិយាល័យទូលាយ ដូចដែលមានក្នុងក្រុមហ៊ុនបច្ចេកវិទ្យានៃតំបន់ Silicon Valley ។

អគារ Golden Tower 322 មានទីតាំងនៅលើផ្លូវលេខ៣២២ ហើយអគារនេះមានចំណតយានយន្តចំនួន៦ជាន់ ដោយរួមបញ្ចូលគ្នានូវបន្ទប់ប្រជុំច្នៃប្រឌិត ប្រកបដោយបច្ចេកវិទ្យាទំនើប បន្ទប់ប្រជុំ បន្ទប់សំលេងអូឌីយ៉ូ សួនកម្សាន្តខាងក្រៅ ហាងកាហ្វេ និងធាតុផ្សេងៗទៀតនៃអគារ គឺឈរនៅលើគោលការណ៍ដូចក្រុមហ៊ុនអន្តរជាតិ និងត្រូវបានបង្កើតឡើងដោយមានលក្ខណៈជាក់លាក់ខ្ពស់។

មានកន្លែងទទួលភ្ញៀវ (Lobby)ដ៏ធំទូលាយ បែងចែកចេញជាពីរ មួយសម្រាប់ការិយាល័យ និងមួយទៀតសម្រាប់ខុនដូ ដែលក្នុងជាន់នេះមានកម្ពស់៦ម៉ែត្រ ហើយចាប់ពីជាន់ទី៥ ដល់ជាន់ទី២៩ ជាការិយាល័យនៅជាន់ទី៣០ គឺជា Google Space ចាប់ពីជាន់ទី៣១ ដល់ជាន់ទី៤០ គឺសម្រាប់លំនៅដ្ឋាន និងចាប់ជាន់ទី៤១ ដល់ជាន់ទី៤២ គឺខុនដូ Penthouses។

លោក សុត វីរៈ សហស្ថាបនិកក្រុមហ៊ុន CSA ដែលបានចូលរួមនៅក្នុងពិធីប្រកាសលក់ជាផ្លូវការនៃគម្រោងអគារពាណិជ្ជកម្មខាងលើនេះបានបានឱ្យដឹងថា អគារការិយាល័យនៅតំបន់បឹងកេងកង ភាគច្រើនសាងសង់ឡើងសម្រាប់ជួល ហើយអគារការិយាល័យនៅតំបន់នេះ ក៏មិនសម្បូរដែរ ប៉ុន្តែឥឡូវនេះខ្ញុំចង់ទិញការិយាល័យ នេះ គឺជាជម្រើសរបស់ខ្ញុំតែមួយគត់ ហើយមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានតម្លៃពិសេស។

លោកបានបន្ថែមទៀតថា បេីនិយាយអំពីទីតាំង វាមានទីតាំងល្អឥតខ្ចោះ ដូច្នេះនៅពេលដែលយើងដាក់អាស័យដ្ឋាន លើនាមប័ណ្ណរបស់យើងដែលមានទីតាំងនៅតំបន់បឹងកេងកង វាបង្ហាញពីកិត្យានុភាពរបស់ក្រុមហ៊ុនរបស់យើង។ តំបន់បឹងកេងកងសម្បូរដោយជនជាតិបរទេស ហើយពេលដែលយើងមានការិយាផ្ទាល់នៅតំបន់បឹងកេងកង វានឹងផ្តល់ភាពងាយស្រួលសម្រាប់អាជីវកម្ម និងការងាររបស់យើង៕