(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្ត ដើរដោយថាមពលអគ្គីសនី របស់សហរដ្ឋអាមេរិក Tesla បានចាប់ផ្តើមហៅយករថយន្ត ចំនួន៤៨,៤៤២គ្រឿងមកវិញ នៅក្នុងប្រទេសចិន ដោយបានអះអាងថា មានផ្នែកដែលមានកំហុស ដែលអាចបង្កើនហានិភ័យ នៃគ្រោះថ្នាក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។

រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បានឲ្យដឹងថា ការប្រកាសហៅមកវិញនេះ មានជាប់ពាក់ព័ន្ធនឹងរថយន្តនាំចូលមួយចំនួន ម៉ូដែល Model S និង Model X ដែលផលិតឡើង នៅចម្លោះឆ្នាំ២០១៣ដល់២០១៨។

ក្រុមហ៊ុនផលិតរថយន្តនេះ បានសន្យាថានឹងផ្លាស់ប្តូរផ្នែកដែលមានកំហុសចេញ ដោយមិនគិតថ្លៃនោះទេ។ ព្រមជាមួយនោះ ក៏បានណែនាំឲ្យអ្នកប្រើប្រាស់ បើកបរដោយប្រុងប្រយ័ត្ន មុនពេលដែលរថយន្តពួកគេ ទទួលបានការជួសជុល៕