(ក្រុងឡុងដ៍)៖ នៅទីបំផុតក្រុមខ្លាំងប្រចាំទីក្រុង London រដូវកាលនេះ Everton បានស្គាល់បរាជ័យហើយក្នុងចំណោម ៦ប្រកួតនៅ Premier League បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Southampton ២-០ នៅរាត្រីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancelotti រកបានជ័យជម្នះ ៤ប្រកួតជាប់ និងស្មើ១ រកបាន ១៣ពិន្ទុឈរនៅកំពូលតារាងនៃ Premier League ជាបណ្តោះអាសន្នផងដែរ មុនមកភ្លាត់ស្នៀតចាញ់ម្ចាស់ផ្ទះ Southampton ដែលលេងស្មើ ៣-៣ ទល់នឹងតោខៀវ Chelsea កាលពីសប្តាហ៍មុន ក្នុងលទ្ធផល ២-០។

ក្នុងជំនួបនោះដែរ កីឡាករខ្សែការពារស្លាបឆ្វេង Lucas Digne របស់ក្លិបស្ករគ្រាប់ Everton ក៏ត្រូវបានពិន័យកាតក្រហម ផងដែរនៅនាទី៧២ ដែលត្រូវបានអ្នកចាត់ការទូទៅ លោក Ancelotti ថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតថា «វាជារឿងគួរអស់សំណើច»។

កីឡាករ James Ward-Prowse ជាអ្នករកបានគ្រាប់បែកពងមាន់ឲ្យ Southampton នៅនាទី២៧ ក្រោយទទួលបាល់ពី Danny Ings និង ៨នាទីបន្ទាប់ Che Adams រកបានគ្រាប់ទី២ ទៀត ពីការបញ្ជូនរបស់ Ings ដដែល ក្នុងខណៈរូបគេ (Ings) រកបាន ៤គ្រាប់ច្រើនជាងគេក្នុងក្លិបផងដែរនៅដើមរដូវកាលនេះ ជួយក្រុមឈរនៅលេខរៀងទី៦ ដោយមាន ១០ពិន្ទុស្មើជាមួយ Leeds United ដែលឈរនៅលេខរៀងទី៥៕