(ក្រុងតូរីន)៖ សេះបង្កង់ Juventus ដែលជាក្រុមការពារជើងឯក Serie A រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះក្នុងដី ក្រោយប្រកួតស្មើ ១-១ ទល់នឹងក្រុម Hellas Verona នារាត្រីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធ Alvaro Morata ដែលទើបរកបាន ២គ្រាប់នៅ UEFA Champions League ថ្មីៗនេះ រកបានគ្រាប់ទី១ នៅនាទី៤៥ តែត្រូវបានប្រព័ន្ធ VAR បដិសេធ មុនពេលត្រូវបានក្រុមភ្ញៀវបើកការនាំមុខវិញនៅនាទី៦០ និង Alvaro Morata បញ្ជូនបាល់ឲ្យមិត្តរួមក្រុម Dejan Kulusevski នៅនាទី៧៨ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាការលេងស្មើលើកទី៣ ក្នុងចំណោម ៥ប្រកួតនៅ Serie A នារដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ ក្រៅពីឈ្នះ២ដង រកបាន ៩ពិន្ទុឈរនៅលេខរៀងទី៥ បណ្តោះអាសន្នដោយពុំមានវត្តមានខ្សែប្រយុទ្ធសំខាន់ Cristiano Ronaldo ដោយសារឆ្លងជំងឺ Covid-19 ហើយសេះបង្កង់ក៏ស្ថិតក្នុងចំណោម ៣ក្រុមដែលលេងមិនទាន់ចាញ់ក្នុងលីគផងដែរ ក្រៅពី Sasuolo និង AC Milan ដែលឈរនៅលេខ៣ និងកំពូលតារាងផងដែរ៕