(ភ្នំពេញ)៖ គូពិសេសប្រចាំសប្ដាហ៍ទី៤ នៃលីគទី២ កម្ពុជា រវាងសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងក្រុម U21 ភ្នំពេញក្រោនកាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ស្របពេលខេត្តកំពង់ស្ពឺ និងក្រុមឬទ្ធីសែន បន្ដរងគ្រោះក្រោយរងបរាជ័យ ដោយគ្មានគ្រាប់បាល់តដៃរៀងខ្លួន។

សម្រាប់ជំនួបរវាងខេត្តព្រៃវែង និង U21 ភ្នំពេញក្រោន ត្រូវបានចាត់ទុកជាជំនួបសងសឹកដ៏ជក់ចិត្ត ដ្បិតមុនផ្ដាច់ខ្លួនចេញពីក្រុម U18 វិសាខា មកជាសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែងបច្ចុប្បន្ន ក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានយុវជនអាយុក្រោម ១៨ឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយបានបញ្ចប់ការប្រកួតដ៏តានតឹង ដោយយុវជនក្រោនបានយកឈ្នះ ៣-២។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតលើកនេះវិញ ក្រុម U21 ភ្នំពេញក្រោន មានឱកាសនាំមុខក្រុមម្ចាស់ផ្ទះព្រៃវែង ២-១ នៅវគ្គទី១។ តែមុនបញ្ចប់វគ្គទី១ ដោយមានការប៉ះទង្គិចគ្នាមួយប្រាវ រហូតធ្វើឲ្យភ្នំពេញក្រោនបាត់បង់អ្នកចាំទីម្នាក់ ក្រោយទទួលបានកាតក្រហមពីអាជ្ញាកណ្ដាល។ ការបាត់បង់សមាជិកម្នាក់លើទីលាននេះ បានធ្វើឲ្យព្រៃវែង មានឱកាសវាយបករហូតរកគ្រាប់តាមស្មើវិញ ២-២។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យព្រៃវែង របូតកៅអីកំពូលតារាងមកឈរលេខ២ និងមាន ១០ពិន្ទុ ស្របពេលក្រុម U21 កងយោធពលខេមរភូមិន្ទ បានហក់ទៅឈរកំពូលតារាងបណ្ដោះអាសន្នវិញ ក្រោយបន្ទាប់ពីពួកគេ បានយកឈ្នះក្រុមកោះកុងអែហ្វស៊ី ២-១ ក្រៅដី ដើម្បីបន្ដកំណត់ត្រាឈ្នះ ៤ប្រកួតផ្ទួនៗ និងរកបាន ១២ពិន្ទុពេញ។ រីឯភ្នំពេញក្រោនបានឈរលេខរៀងទី៤ និងមាន ៧ពិន្ទុប៉ុណ្ណោះ។

ដោយឡែកខេត្តកំពង់ស្ពឺ និងក្រុមឬទ្ធីសែន បានបន្ដបរាជ័យក្នុងប្រកួតទី៤ របស់ខ្លួន ដោយកំពង់ស្ពឺ ប្រកួតចាញ់ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ គ្រាដែលឬទ្ធីសែន ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ ៤-០។ ការបរាជ័យនេះ ធ្វើឲ្យក្រុមទាំងពីរ បន្ដឈរបាតតារាង និងគ្មានពិន្ទុរាប់ឡើយ។ រីឯក្រុម ISI បានឡើងឈរលេខ៣ និងមាន ៩ពិន្ទុ ខណៈត្បូងឃ្មុំ រកបាន ៦ពិន្ទុស្មើក្រុមកោះកុង និងសៀមរាបអែហ្វស៊ីដែរ៕