(ភ្នំពេញ)៖ ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។

ពិធីចែកអំណោយ បានធ្វើឡើងនៅក្នុងបណ្ដាខេត្ត ដែលរងទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ។

អាជ្ញាធរនៃខេត្តនីមួយៗ បានចូលរួមជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនអង្គរហ្គ្រីន ក្នុងការចែកសម្ភារ និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលក្នុងនោះមានដូចជាអង្ករ មី សាច់ក្រក ផ្អកសាច់ជ្រូក ភួយ ថ្នាំសង្កូវ ក៏ដូចជាកញ្ចប់ថ្នាំកសិកម្ម ដែលអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ដំណាំរបស់ខ្លួន ក្រោយពេលទឹកស្រកទៅវិញ។

សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងនោះ គឺជាការបរិច្ចាគដែលបានមកពីក្រុមហ៊ុនអង្គរហ្គ្រីនផ្ទាល់ បុគ្គលិក សាច់ញាតិ និងមិត្តភក្ដិរបស់បុគ្គលិកក្រុមហ៊ុន ដៃគូអាជីវកម្ម និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដូចជាក្រុមហ៊ុនឱសថ ប៉េប៉េអឹម (PPM) និងអង្គការ អេត អេ អាក់ស្យុង ជាដើម។

លោក ហួ ធីនាង នាយកប្រតិបត្តិ ទទួលបន្ទុកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន មានប្រសាសន៍ថា ទោះបីជាការបរិច្ចាគនេះមានកម្រិតតិចតួចក្ដី ក្រុមហ៊ុនសង្ឃឹមថា នេះជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ហើយនឹងអាចជួយសម្រាលបានខ្លះដល់ផលប៉ះពាល់ ដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋរងគ្រោះ។

លោក ធី នាង បានលើកឡើងថា «ក្នុងនាមជាក្រុមហ៊ុនកសិកម្ម យើងបានរៀបចំនូវកញ្ចប់សប្បុរសធម៌ ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ជាពិសេសកសិករដែលមានការប៉ះពាល់លើដំណាំរបស់គាត់ ។ ពួកគាត់រងគ្រោះពីរដងហើយក្នុងឆ្នាំ ២០២០ នេះ គឺទីមួយគ្រោះរាំងស្ងួត ហើយឥឡូវនេះ កាន់តែធ្ងន់ធ្ងរថែមទៀត គឺទឹកជំនន់វិញ»

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានបង្ហាញពីអារម្មណ៍សោកស្ដាយរបស់ពួកគាត់ដោយសារតែការខូចខាតផលដំណាំ ប៉ុន្តែ ក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដូចជាក្រុមហ៊ុនអង្គរហ្គ្រីនជាដើម ។

កសិករ សាង សាន នៅខេត្តបាត់ដំបង និយាយថា «និយាយពីរឿងអារម្មណ៍ ចំពោះការខូចខាតដោយសារទឹកជំនន់នេះ គឺនិយាយលែងចេញហើយ ព្រោះអស់រលីងហើយ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ដំណាំស្រូវ១០ហិចតា ខូច អស់រលីង។… ខ្ញុំត្រេកអរចំពោះក្រុមហ៊ុនអង្គរហ្គ្រីន ដែលបានជួយរំលែកទុក្ខ ជាអំណោយបន្តិចបន្តួចសម្រាប់ដោះទ័ល»

អង្គរហ្គ្រីនជាក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដោយមានចក្ខុវិស័យជួយអភិវឌ្ឍសន្តិសុខស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ធ្វើទំនើបកម្មផលិតកម្មកសិកម្មនៅកម្ពុជា ដើម្បីបង្កើនផលិតភាពកសិកម្ម សម្របសម្រួលទីផ្សារកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។

បច្ចុប្បន្នក្រុមហ៊ុនមានផ្គត់ផ្គង់ជី រថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម ឧបករណ៍ប្រព័ន្ធស្រោចស្រព ថ្នាំ និងចំណីសត្វ ការកែច្នៃកសិផល និងប្រមូលទិញកសិផល ពីកសិករសម្រាប់នាំចេញ ហើយកំពុងមានប្រតិបត្តិការ នៅក្នុងបណ្ដាខេត្តក្រុងចំនួន ២៥ ក្នុងប្រទេសកម្ពុជា៕