(ពិភពលោក)៖ នៅពេលភ្នំភ្លើងផ្ទុះម្ដងៗ គឺពិតជាបង្កគ្រោះមហន្តរាយច្រើនណាស់ដល់អ្វីៗទាំងឡាយដែលនៅជុំវិញវា ក្នុងនោះវាក៏បានបង្កឱ្យជីវិតមនុស្ស សត្វស្លាប់មិនតិចឡើយ។ តើអ្នកដឹងទេថាមានមនុស្សប៉ុន្មានលាននាក់ដែលបានស្លាប់ដោយសារការផ្ទុះភ្នំភ្លើង ហើយតើពេលបច្ចុប្បន្នមានមនុស្សប៉ុន្មានលាននាក់ដែលកំពុងរស់ក្បែរៗភ្នំភ្លើងដ៏គ្រោះថ្នាក់នេះ?

យោងតាមការកត់ត្រាបានឱ្យដឹងថា ចាប់តាំងពីសតវត្សរ៍ទី១៧មក ភ្នំភ្លើងដែលមានជុំវិញពិភពលោកបានផ្ទុះឡើងជាង ៣០ លើក ដោយបានសម្លាប់មនុស្សអស់ប្រមាណ ៣៥០,០០០ នាក់ និងបង្កវិនាសកម្មដល់សមិទ្ធផល ធនធានធម្មជាតិជាច្រើនសន្ធឹកសន្ធាប់ទៀត។

គេបានកត់សម្គាល់ថាក្នុងចំណោមការផ្ទុះទាំងជាង ៣០ លើកនោះ មានពីរលើកគឺបានសម្លាប់មនុស្សអស់ច្រើនជាងគេ ក្នុងនោះមួយលើកគឺកើតឡើងនៅឆ្នាំ១៨១៥ ដោយភ្នំភ្លើងតាមបូរ៉ា (Tambora) ស្ថិតនៅចុងខាងលិចកោះស៊ំបាវ៉ា (Sumbawa) នៃប្រទេសឥណ្ឌូនេស៉ី សម្លាប់មនុស្សអស់ជាង ៨០,០០០ នាក់ និងមួយលើកទៀតកើតឡើងនៅឆ្នាំ១៨៨៣ ដោយភ្នំភ្លើងក្រាកាតៅ (Krakatoa) នៃប្រទេសឥណ្ឌូនេស៉ីដដែល សម្លាប់មនុស្សអស់ជាង ៣០,០០០ នាក់។

អ្នកស្រាវជ្រាវរកឃើញថាបន្ទុះភ្នំភ្លើងដែលខ្លាំងជាងគេបំផុតនោះ គឺភ្នំភ្លើងថេរ៉ា (Thera) ដែលមានទីតាំងស្ថិតនៅសមុទ្រអេហ្ស៉ី (Egee) ប្រទេសក្រិកបច្ចុប្បន្ន។ ហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏ខ្លាំងសម្បើមនេះ ប្រហែលជាបានកើតឡើងតាំង ១,៥០០ ឆ្នាំមុន ដោយវាបានបង្កឱ្យមានរលកយក្សស៊ូណាមិ វាយប្រហារចំទីក្រុងបុរាណមួយនៅលើកោះក្រែក (Crete) ជាហេតុធ្វើឱ្យអរិយធម៌ដ៏ល្បីល្បាញមួយ នេះរងការបំផ្លាញខ្ទេចខ្ទីទាំងស្រុង។

ទោះបីឆ្លងកាត់ប្រវត្តិគ្រោះថ្នាក់ពីការផ្ទុះភ្នំភ្លើងនេះយ៉ាងណាក្ដី ក៏ប្រជាជនមួយចំនួននៅតែបន្តរស់នៅក្បែរៗភ្នំភ្លើងទាំងនោះជាហូរហែ ហើយក៏រងនូវការបាត់បង់ជីវិតជារឿយៗផងដែរ។ បច្ចុប្បន្ន មានប្រជាជនប្រមាណ ៤០០ លាននាក់កំពុងរស់នៅក្បែរទីតាំងភ្នំភ្លើងមួយចំនួននៅជុំវិញពិភពលោក ដូចជានៅប្រទេសម៉ិកស៉ិក ឥណ្ឌូនេស៉ី ជប៉ុន អ៉ីតាលីជាដើម៕