(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅកាត់ថា ហ្វាន់ អេនធើធេនម៉ិន នឹងរៀបចំកម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មី មានចំណងជើងថា «Heart Beat» និងក្រុមចម្រៀងនារីកម្ពុជា «FGG» ដើម្បីធ្វើការបង្ហាញនូវទេពកោសល្យនៃការច្រៀង បូករួមទាំងការសម្ដែង របស់ក្រុមតារាចម្រៀង នារីកម្ពុជាថ្មីមួយក្រុមនេះ ឲ្យមានការទទួលស្គាល់ ស្រឡាញ់ និងគាំទ្រ ពីសំណាក់មហាជន ក៏ដូចជា ការជួយជម្រុញលើកទឹកចិត្ត និងផ្ដល់នូវឱកាស និងអនាគតដ៏ល្អនៅក្នុងដំណើរឆ្ពោះ ទៅមុខជាបន្តបន្ទាប់ សម្រាប់ អាជីពជាតារារបស់យុវនារីកម្ពុជា មួយក្រុមនេះ។

កម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មី មានចំណងជើងថា «Heart Beat» និងក្រុមចម្រៀងនារីកម្ពុជា ដែលមានឈ្មោះថា «FGG» (FUN Girls Group) នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩៖០០នាទីយប់ ដល់ម៉ោង ២១៖៣០យប់ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ផ្ទាល់ដី (Central Court)។ ចំពោះភ្ញៀវដែលបានចូលរួមទស្សនា នឹងមានការផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ របស់ក្រុមចម្រៀង «FGG» ផងដែរ។

កម្មវិធីសម្ពោធនេះ នឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពពីសំណាក់លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អ្នកនាង YIN Xia អគ្គនាយកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម គណៈប្រតិភូមកពីទូរទស្សន៍ជាតិកម្ពុជា និងបុគ្គលិកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ជាច្រើនរូបទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ក្រុមចម្រៀងនារីកម្ពុជា «FGG» បានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី ខារ៉ាប៉ាវ (Carabao) របស់ស្ថានីយទូរទស្សន៍បាយ័នផងដែរ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីជ្រើសរើស «ធីតាឯកសង្រ្កាន្តឆ្នាំ២០២០» កាលពីខែមេសានេះ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោលបំណង ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានជំនាញ និងទេពកោសល្យ និងក្តីស្រមៃ ដែលចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាផ្នែកមួយ ក្នុងការចែករំលែកនូវវប្បធម៌ អរិយធម៌ និងវិស័យទេសចរណ៍ជាតិ ឲ្យកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិ។

កម្មវិធីសម្ពោធនេះធ្វើឡើង គឺដើម្បីបង្ហាញពីសមិទ្ធផលមួយដែលបានមកពីកិច្ចខំប្រឹងប្រែង ក្នុងការសម្រេចគោលដៅរបស់ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment)ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖ ០៩៩ ៥៥៩ ០៩៩ / ០៨៧ ៥៥៩ ០៩៩ ឬអ៊ីម៉ែល៖ [email protected]