(ភ្នំពេញ)៖ ជំនួបបញ្ចប់រដូវកាល និងជាការប្រកួតកំណត់ជោគវាសនាក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ រវាងក្លិបភ្នំពេញក្រោន និងបឹងកេតកាលពីយប់មិញ បានកើតមានរឿងប្រទូសរ៉ាយដ៏ក្ដៅគគុកនៅចុងម៉ោង បន្ទាប់ពីកីឡាករ Dzarma Bata រកគ្រាប់តាមស្មើ ១-១ ឲ្យក្រុមភ្ញៀវ និងជាគ្រាប់ជួយឲ្យក្រុមនាគខៀវបឹងកេតគ្រងតំណែងជើងឯក តាមរយៈការប៉ះទង្គិចពាក្យសំដី និងកាយវិការ ទាំងក្លិប អាជ្ញាកណ្ដាល និងអ្នកគាំទ្រ។

ក្រោយបញ្ចប់ការប្រកួតដ៏តឹងតឹងនេះ លោក គឹម ភក្ដី គ្រូបង្វឹកក្រុមបឹងកេតបានសម្ដែងការពេញចិត្ត ចំពោះកូនក្រុមខ្លួន ដែលព្យាយាមរហូតដល់វិនាទីចុងក្រោយ ដើម្បីស្វែងរកគ្រាប់តាមស្មើ និងក្លាយជាម្ចាស់ពានរដូវកាលឆ្នាំ២០២០។ ទន្ទឹមជាមួយគ្នា លោកក៏ស្នើសុំការយោគយល់គ្នា ចំពោះការប្រទូសរ៉ាយចុងម៉ោង ដើម្បីចៀសវាងប៉ះពាល់ដល់ការអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជា ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្នផងដែរ។

លោកថា «យើងឃើញទាំងអស់គ្នាហើយ គឺជាការប្រកួតដ៏តានតឹង ព្រោះអីភ្នំពេញក្រោន ក៏គាត់ចង់ឈ្នះ ដើម្បីកិត្តិយសក្លិបរបស់គាត់ ចឹងជាការប្រកួតមួយតានតឹង ហើយល្អមើល ហើយក៏សុំអភ័យទោសដែរ ដោយមានបញ្ហាចុងក្រោយប្រទូសរ៉ាយខ្លះ ប៉ុន្ដែកីឡាចប់ពីហ្នឹងទៅ គឺយើងបញ្ចប់សកម្មភាពទាំងអស់ហ្នឹង។ ចឹងក៏សុំទោសទស្សនិកជន ហើយបងប្អូនអ្នកគាំទ្រទាំងអស់ កុំបង្កើតចលាចលកាន់តែពិបាកក្នុងវិស័យបាល់ទាត់ ព្រោះបាល់ទាត់យើងកំពុងតែរីកចម្រើន ចឹងសូមយើងទាំងអស់គ្នាចូលរួមថែរក្សាទាំងអស់គ្នា»

ជុំវិញការប្រកួតត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា The Cambodian Classic Match អតីតគ្រូបង្វឹកក្រុមបៀលប្រាយយូណាយធីតបន្ដថា «ខ្ញុំគិតថា មិនខុសពីក្រុមដទៃទៀត ព្រោះសុទ្ធតែជាក្រុមមានការរៀបចំល្អ ហើយក្រុមយើងក៏មិនខុសពីក្រុមដទៃដែរ យើងរៀបចំទៅតាមបែបផែនបាល់ទាត់ទំនើប។ ចឹងអ្វីដែលយើងធ្វើបាន គឺជាជោគជ័យមួយ ប៉ុន្ដែក៏មិនប្រាស់ចាកពីការធ្វើការដោយពិតប្រាកដពីវិស័យបាល់ទាត់ដែរ»

គ្រូបង្វឹកកាន់កំណត់ត្រាដឹកនាំក្រុមគ្រងជើងឯកលីគកំពូលកម្ពុជា ដោយមិនស្គាល់ចាញ់ បន្ទាប់ពីក្រុមណាហ្គាវើលដ៏ខាងលើបន្ថែមថា «សម្រាប់ខ្ញុំ ខ្ញុំមិនគិតថា ជោគជ័យ ឬមិនជោគជ័យ គឺផ្អែកលើលកំណត់ត្រាទេ (ដឹកនាំក្រុមមិនស្គាល់ចាញ់) អ្វីដែលយើងធ្វើ គឺយើងខិតខំពីមួយប្រកួតទៅមួយប្រកួត។ វាសំណាងដែលយើងមិនចាញ់ ប៉ុន្ដែវាមិនបានន័យថា យើងជាគ្រូល្អ ឬកីឡាករល្អអីទេ គ្រាន់តែជាការខំប្រឹងរបស់យើងប៉ុណ្ណឹង...»

គួរបញ្ជាក់ថា បឹងកេតបានក្លាយជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ ១៣ និងស្មើ៤ រកបាន ៤១ពិន្ទុ ស្មើក្រុមជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀងដែរ តែដោយគិតលើរូបមន្ដ Head To Head បឹងកេត ធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង ៤-២ កាលពីជើងទី១ មុនស្មើគ្នា ១-១ នៅជើងទី២ ទើបក្រុមនាគខៀវមានប្រៀប និងក្លាយជាម្ចាស់ពានលីគជាលើកទី៤ បន្ទាប់ពីបឹងកេត ធ្លាប់ឈ្នះពានកាលពីឆ្នាំ២០១២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។

ចំពោះពិធីប្រគល់ពានរង្វាន់ជយលាភី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះដែរ នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិ ដោយក្រុមជើងឯកបឹងកេត ទទួលបាន ១៥០លានរៀល ខណៈក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល។ ចំណាត់ថ្នាក់លេខ៣ ក្រុមភ្នំពេញក្រោន ទទួលបាន ៥០លានរៀល។ រីឯលេខ៤ ក្រុមកងយោធពលខេមរភូមិន្ទ ទទួលបាន ៤០លានរៀល៕