(ភ្នំពេញ)៖ តួសម្តែង និងក្រុមការងារផលិកម្មក្នុងខ្សែភាពយន្តភាគ ស៊ើបអង្កេតពិសេសរឿង «ឧក្រិដ្ឋជន» «Usual Suspects» សហការជាមួយអង្គការអភិវឌ្ឍន៍ក្រីក្រក្នុងទីក្រុង បានរៀបចំកម្មវិធីចែកអំណោយ សប្បុរសធម៌ដល់ប្រជាជនរងគ្រោះ ដោយទឹកជំនន់ចំនួន១១០គ្រួសារ ចំនួន២តំបន់ផ្សេងៗគ្នា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។

ដោយសារតែគ្រោះទឹកជំនន់ នៅតែបន្តហានិភ័យដែលបណ្តាលមកពីភ្លៀងធ្លាក់ និងឥទិ្ធពលនៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្មបានផ្តូចផ្តើម កម្មវិធីចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀង ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងក្រីក្រខ្លាំងនៅឃុំព្រែកតាគង់៣ ព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីចែកអំណោយសប្បុរសធម៌នេះ ក្រៅពីមានការរៀបចំពីក្រុមការងារផលិតរឿងភាគ «ឧក្រិដ្ឋជន» និងប្រធានអង្គការអភិវឌ្ឍន៍ស្រី្តក្រីក្រក្នុងទីក្រុង ក៏មានការចូលរួមផ្តល់កិតិ្តយសពីលោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលភ្នំពេញ, លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ មន្រ្តីសង្កាត់ ក្រុមបឹក្សាសង្កាត់ លោកមេភូមិ និងសហការីជាច្រើនរូបទៀត។ អំណោយសប្បុរធម៌ទំាងនោះរួមមាន នំឃុកគី (Kukis) ទឹកប្រទាលកន្ទុយក្រពើម៉ាក T’best អង្ករ ត្រីខកំប៉ុង សម្រាប់ចែកជូនដល់ប្រជាជនរងគ្រោះចំនួន១១០គ្រួសារ និងអំណោយមួយចំនួនទៀត សម្រាប់ជូនដល់អាជ្ញាធរ និងក្រុមការងារដែលបានចូលរួមជាកិតិ្តយស។

អ្នកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកគ្រប់គ្រងផលិតកម្មរឿងឧក្រិដ្ឋជន «Usual Suspects» បានថ្លែងថា «តំណាងក្រុមការងារផលិតរឿង «ឧក្រិដ្ឋជន» និងក្រុមការងារ ថ្ងៃនេះមានកិត្តិយស និងរំភើបក្រៃលែង ដែលបានមកជួបផ្ទាល់ជាមួយបងប្អូនទាំងអស់គ្នា ដែលបានឆ្លងកាត់នូវការលំបាក ដោយសារជំនន់ទឹកភ្លៀង និងនាំយកនូវអំណោយបន្តិចបន្តួច ដែលជាទឹកចិត្តរបស់យើងខ្ញុំ ដើម្បីជួយគ្នាក្នុងគ្រាលំបាកក្នុងពេលនេះ»

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើតំណាង បានជម្រាបប្រាប់នៅក្នុងកម្មវិធីចែកអំណោយសប្បុរសធម៌ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមផលិតខ្សែភាពយន្តរឿង «ឧក្រិដ្ឋជន» ចំពោះទឹកចិត្តចែកអំណោយដល់ប្រជាជនចំនូន១១០គ្រួសារ ក្នុងចំណោម៥៥៧គ្រួសារ នៅក្នុងសង្កាត់ដែលមានផលប៉ះពាល់ពីទឹកជំនន់នេះ ហើយក្រុមការងារររបស់សង្កាត់បានព្យាយាម ចែកអំណោយមនុស្សធម៌ដល់គ្រប់ក្រុមគ្រួសារ ដែលខ្វះខាតនូវអំណោយស្មើៗគ្នាទំាងអស់»

កញ្ញា ម៉ៅ រចនា ជាតួអង្គឯកស្រីម្នាក់ ក្នុងចំណោមតួអង្គ៣នាក់ទៀតក្នុងខ្សែភាពយន្ត «ឧក្រិដ្ឋជន» បានឲ្យដឹងថា «ពួកខ្ញុំសូមចូលរួមចែករំលែកដល់ប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់ និងសង្ឃឹមថា ការផ្តល់ជាអំណោយសប្បុរសធម៌មួយនេះ អាចជួយដល់បងប្អូនប្រជាជន ហើយបងប្អូនរួចផុតពីគ្រោះធម្មជាតិ និងជំងឺផ្សេងៗ»

គួរបញ្ឋាក់ នៅដើមខែតុលាឆ្នាំ២០២០កន្លងមកនេះ គ្រោះទឹកជំនន់បានបង្កឲ្យមានការខូចខាតដល់ទ្រព្យ សម្បត្តិរបស់រដ្ឋ និងប្រជាជនមួយចំនួនដែលរួមមាន ហេដ្ឋារចនាសម័ន្ព (ទំនប់ទឹក ស្ពាន ផ្លូវ ថ្នល់ សាលារៀន ផ្ទះសម្តែង) និងឈានដល់ការបាត់បង់អាយុជីវិត របស់ប្រជាជននៅទូទំាងខេត្តក្រុងទៀតផង៕