(ភ្នំពេញ)៖ វារីអគ្គិសនី គឺជាទំនប់ដែលគេបង្កើតឡើងដើម្បីផលិតថាមពលអគ្គិសនី ហើយក៏ជាប្រភេទរោងចក្រអគ្គិសនីបរិសុទ្ធ ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានច្រើន ហើយថែមទាំងចំណាយថ្លៃដើមទាបជាងរោងចក្រអគ្គិសនីប្រភេទផ្សេងទៀត។

វារីអគ្គិសនីត្រូវបានផ្គុំឡើងដោយផ្នែកសំខាន់ដូចជា អាងស្តុកទឹក ទ្វារទឹកឬទំនប់ ផ្លូវបង្ហូរទឹក និងស្ថានីយអគ្គិសនី (Power Station)។ នៅក្នុងស្ថានីយអគ្គិសនី (Power Station) រួមមាន ម៉ាស៊ីនទូប៊ិន និងបន្ទប់ត្រួតពិនិត្យបច្ចេកទេស ឬយើងអាចហៅថាបន្ទប់ Control Room។ ជាទូទៅយើងសង្កេតឃើញថាមានពីរប្រភេទខុសគ្នា មួយជាប្រភេទទំនប់ដែលមានស្ថានីយអគ្គិសនី (Power Station) នៅឆ្ងាយពីអាងស្តុកទឹក ហើយមួយប្រភេទទៀតមានស្ថានីយអគ្គិសនី (Power Station) នៅជាប់និងអាងស្តុកទឹកផ្ទាល់តែម្ដង។

អំពីដំណើរការនៃផ្នែកនីមួយៗរបស់ទំនប់វារីអគ្គិសនី ទី១គឺអាងស្តុកទឹក មានតួរនាទីជាអ្នកស្តុកទឹកសម្រាប់ផ្គត់ផ្គង់កម្លាំងទឹក ដើម្បីបញ្ជូនទៅកាន់ម៉ាស៊ីនទូប៊ិន ដែលស្ថិតនៅក្នុងស្ថានីយអគ្គិសនី (Power Station) ដើម្បីផលិតជាថាមពលអគ្គិសនី។

ផ្នែកសំខាន់ទី២គឺទ្វារទឹកឬទំនប់ មានតួរនាទីជាអ្នកទប់ទឹកក្នុងអាងស្តុកទឹក និងបង្ហូរទឹកចេញនៅពេលដែលខ្សែទឹកខាងក្រោមត្រូវការទឹក ឬនៅពេលដែលទឹកនៅខាងក្នុងទំនប់ឡើងខ្ពស់លើសតម្រូវការ។ សូមបញ្ជាក់ថាទ្វារទឹក ឬទំនប់នេះ មិនមែនជាកន្លែងផលិតអគ្គិសនី និងមានមែនជាកន្លែងដែលបើកទ្វារទឹក ហើយអាចបង្កើតជាចរន្តអគ្គិសនីនោះឡើយ។

ផ្នែកសំខាន់ទី៣គឺផ្លូវបង្ហូរទឹក ផ្លូវបង្ហូរទឹកគឺជាផ្លូវនៅដោយឡែកពីទ្វារទឹកឬទំនប់ទឹក ដែលភាគច្រើនគេដាក់បង្កប់នៅក្រោមដី ដើម្បីនាំកម្លាំងទឹកទៅកាន់ម៉ាស៊ីនទូប៊ីន ដែលស្ថិតនៅស្ថានីយអគ្គិសនី (Power Station) ដើម្បីបង្កើតជាថាមពលអគ្គិសនី។

ផ្នែកសំខាន់ទី៤ ជាកន្លែងផលិតថាមពលអគ្គិសនី នោះគឺជាស្ថានីយអគ្គិសនី ឬ(Power Station)។ នៅក្នុងស្ថានីយអគ្គិសនី ឬ(Power Station) មានផ្នែក២សំខាន់ៗទៀតគឺ ម៉ាស៊ីនទូប៊ិន និងបន្ទប់ត្រួតពិនិត្យបច្ចេកទេស ឬបន្ទប់ Control Room។ ម៉ាស៊ីនទូប៊ិន គឺជាទីកន្លែងដែលទទួលទឹកពីផ្លូវបង្ហូរទឹកដែលបានបង្កប់នៅក្រោមដីពីអាងស្តុកទឹក មកកាន់ម៉ាស៊ីនទូប៊ិននេះ។ នៅពេលដែលទឹកត្រូវបានហូរពីអាងស្តុកទឹក តាមផ្លូវបង្ហូរទឹក ចូលមកក្នុងម៉ាស៊ីនទូប៊ិន បានធ្វើឲ្យទូប៊ិនវិល ហើយកម្លាំងវិលដែលកើតពីកម្លាំងទឹកបង្វិលនៃទឹកនោះ បានបង្កើតឲ្យក្លាយទៅជាចរន្តអគ្គសនី។

បន្ទប់ត្រួតពិនិត្យបច្ចេកទេស ឬបន្ទប់ Control Room គឺជាផ្នែកដ៏សំខាន់ចុងក្រោយនៃច្រវ៉ាក់ផលិតកម្មនៃវារីអគ្គិសនី។ បន្ទប់ត្រួតពិនិត្យបច្ចេកទេស ឬបន្ទប់ Control Room ជាទីកន្លែងត្រួតពិនិត្យ កំណត់ និងបញ្ឈប់ដំណើរការនៃការផលិតអគ្គិសនី និងជាទីកន្លែងដែលបញ្ជូនអគ្គិសនីទៅកាន់ខ្សែបណ្ដាយអគ្គិសនី។

គួរបញ្ជាក់ដែរថា ដំណើរការនៃការផលិតអគ្គិសនីនៅក្នុងត្រួតពិនិត្យបច្ចេកទេស ឬបន្ទប់ Control Room មិនអាចបញ្ឈប់បានឡើយពោលគឺ២៤ម៉ោងលើ២៤ម៉ោង។ ព្រោះប្រសិនជាដំណើរនៃបន្ទប់ត្រួតពិនិត្យបច្ចេកទេស ឬបន្ទប់ Control Room ត្រូវបានបញ្ឈប់ នោះមានន័យថាការផលិតអគ្គិសនីក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ដោយសារតែអគ្គិសនីមិនមានទីកន្លែងដែលអាចស្តុកទុកបានឡើយ៕