(បរទេស)៖ ជាទម្លាប់ទីភ្នាក់ងារទំនាក់ទំនងរបស់សេតវិមាន តែងតែផ្តល់ឈ្មោះសម្ងាត់ដល់ប្រធានាធិបតីអាមេរិក និងសមាជិកគ្រួសារសម្រាប់ឲ្យក្រុមអង្គរក្ស Secret Service ប្រើដើម្បីហៅ កំឡុងពេលដែលពួកគេរស់នៅក្នុងសេតវិមាន។

ឈ្មោះទាំងនោះបានមកពីបញ្ជីមួយ ដែលទីភ្នាក់ងារខាងលើរៀបចំឡើង ហើយប្រធានាធិបតីអាមេរិកមានសិទ្ធិជ្រើសរើសឈ្មោះ ដែលខ្លួនពេញចិត្តបាន។ ទោះបីជាដំបូងឡើយ ពួកវាត្រូវបានបង្កើតឡើងក្នុងគោលដៅជាឈ្មោះសម្ងាត់ក៏ដោយ ឈ្មោះទាំងនោះត្រូវបានគេដឹង គេស្គាល់ជាទូទៅយ៉ាងឆាប់រហ័ស តាមរយៈឯកសាររបស់រដ្ឋាភិបាល តាមប្រភពផ្ទៃក្នុងដែលទម្លាយពួកវាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬនៅពេលក្រុមអង្គរក្សត្រូវគេស្តាប់លឺ ពេលប្រើពួកវាកំឡុងព្រឹត្តិការណ៍សាធារណៈ។

ទោះជាបែបនេះក្តី ចាប់តាំងតែពីបច្ចេកវិទ្យាសម័យទំនើប បានអនុញ្ញាតឲ្យក្រុមអង្គរក្សប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើន ដើម្បីតាមដាននិងរក្សាសុវត្ថិភាពប្រធានាធិបតីអាមេរិក ឈ្មោះទាំងនោះមិនចាំបាច់អ្វីត្រូវមានការលាក់បាំងខ្លាំងទៀតឡើយ។

សម្រាប់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គឺឈ្មោះសម្ងាត់លោកហៅថា «ម៉ូហ្គូល (Mogul)» ដែលមានន័យថា ជាមនុស្សមានអំណាចនិងទ្រព្យសម្បត្តិច្រើន។ ឈ្មោះនេះគឺគ្មានអ្វីចម្លែកឡើយ ដ្បិតមុនពេលក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ជាមហាសេដ្ឋីអចលនទ្រព្យមួយរូប។ ដោយឡែក កាលពីឆ្នាំ២០១៥ លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា នៅពេលឈ្នះឆ្នោត លោកនឹងជ្រើសរើសឈ្មោះ «ហាំប៊ល (Humble)» ដែលមានន័យថា ដាក់ខ្លួន។

គួរជម្រាបថា សម្រាប់អតីតប្រធានាធិបតី៩រូបពីមុនវិញ គឺមានឈ្មោះសម្ងាត់ដូចតទៅ៖ លោក បារ៉ាក់ អូបាម៉ា ហៅថា «រេណេហ្គេត (Renegade)», លោក ចច ដាប់ប៊េលយូ ប៊ូស ហៅថា «ត្រេលប្លេស្សឺ (Trailblazer)», លោក ប៊ីល គ្លីនតុន ហៅថា «អ៉ីហ្គល (Eagle)», លោក ចច ប៊ូស ហៅថា «ធីមបឺវ៉ូហ្វ (Timberwolf)», លោក រ៉ូណាល់ រីហ្គេន ហៅថា «រ៉ហៃដ៍ (Rawhide)», លោក ជីមី ខាថឺ ហៅថា «ឌីខន (Deacon)», លោក ចឺរ៉ល ហ្វដ ហៅថា «ផាសស្គី (Passkey)», លោក រីឆាដ និចសុន ហៅថា «សឺចឡៃ (Searchlight)» និងលោក ចន ខេនណាឌី ហៅថា «លែនសឺ (Lancer)»