(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញក្រុមជយលាភីក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នៅរាត្រីថ្ងៃទី២៦ ខែតុលានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានរៀបចំពិធីប្រគល់ពាន និងរង្វាន់ដល់ក្រុមនីមួយៗហើយ នៅពហុកីឡដ្ឋានជាតិ ស្របពេលក្រុមបឹងកេត បានឈ្នះពានឯកត្តជនចំនួន ៣ បន្ថែមលើតំណែងជើងឯករបស់ខ្លួន គ្រាដែលពាន Fair Play បានទៅក្រុមយុវជន U18 សាលាបាល់ទាត់ជាតិបាទី។

ពានរង្វាន់ឯកត្តជនចំនួន ៣ ដែលសមាជិកក្រុមនាគខៀងខាងលើទទួលបាន រួមមានពានគ្រូបង្វឹកល្អជាងគេ បានទៅលោក គឹម ភក្ដី ទទួលបានប្រាក់ ៣លានរៀល, ពានរង្វាន់កីឡាករល្អជាងគេ បានទៅកីឡាករ ម៉ាត់ នូរុណ ទទួលបានប្រាក់ ៣លានរៀល និងពានរង្វាន់អ្នកចាំទីល្អជាងគេ បានទៅកីឡាករ ហ៊ុល គីមហ៊ុយ ទទួលបានប្រាក់ ៣លានរៀល ។ ប៉ុន្ដែពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅកីឡាករ Privat របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលរកបាន ១៦គ្រាប់ ក៏ទទួលបានប្រាក់ ៣លានរៀលដែរ ។

ចំណែកក្រុមយុវជន U18 បាទី ទោះបីបញ្ចប់ការប្រកួត ដោយឈរបាតតារាង និងត្រូវធ្លាក់ទៅលេងជម្រើសជើងឯកលីគទី២ កម្ពុជា នារដូវកាលឆ្នាំ២០២១ ក៏ពិតមែន តែដោយការលេងប្រកបដោយយុត្តិធម៌ និងគោរពបទបញ្ជាការប្រកួតបានល្អនៅលើទីលាន CNCC និងគណៈកម្មការរៀបចំការប្រកួត ក៏សម្រេចផ្ដល់ពានរង្វាន់ Fair Play ដល់ពួកគេ អមជាមួយប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨លានរៀលទៀតផង ។

ក្រឡេកមកចាប់អារម្មណ៍ក្រុមទទួលបានជយលាភីពីលេខ១ ដល់លេខ៤ វិញ ក្រុមជើងឯកបឹងកេត ទទួលបានពាន មេដាយមាស និងថវិកា ១៥០លានរៀល ។ ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយប្រាក់ និងថវិកា ៦០លានរៀល ។ ក្រុមលេខ៣ ភ្នំពេញក្រោន ទទួលបានមេដាយសំរឹទ្ធ និងថវិកា ៥០លានរៀល និងក្រុមលេខ៤ កងយោធពលខេមរភូមិន្ទ ទទួលបានថវិកា ៤០លានរៀល ។

ចំពោះពិធីប្រគល់ពាន និងចែករង្វាន់ជយលាភីខាងលើ បានធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ឌី វិជ្ជា ប្រធានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ផងដែរ៕