(មេនឆេស្ទើ)៖ លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅក្លិប Manchester City បានសំដែងអារម្មណ៍សោកស្តាយជាខ្លាំងដែលសម្រេចចិត្តមិនទិញកីឡាករខ្សែប្រយុទ្ធថែម ស្របពេលខ្សែប្រយុទ្ធបច្ចុប្បន្ន Sergio Aguero ត្រូវអវត្តមានយ៉ាងហោចក៏ ១ខែទៀតដែរ ដោយសារបញ្ហារបួស។

លោក Pep បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតទល់នឹង West Ham United ថា «ជាពិតណាស់ នៅពេលអ្នកសម្រេចចិត្តទិញខ្សែប្រយុទ្ធបន្ថែម នោះមានន័យថាអ្នកនឹងមើលទៅលើគុណភាពខ្សែប្រយុទ្ធ Grabriel Jesus និង Sergio Aguero ជាដើម។ មួយវិញទៀត យើងចង់ឲ្យតម្លៃ និងប្រើប្រាស់ខ្សែប្រយុទ្ធដែលមានស្រាប់ឲ្យកាន់តែខ្លាំង តែពេលនេះមិនអាចទេ»។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero មានបញ្ហារបួសសរសៃពួរជើង ដែលបង្ខំចិត្តប្តូរចេញនៅនាទី៤៦ ដោយជំនួសមកវិញដោយមិត្តរួមក្រុម Phil Foden ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះ ញញួរធំ West Ham United នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន បន្ថែមលើខ្សែប្រយុទ្ធ Jesus ដែលអវត្តមានដោយសាររបួសដូចគ្នាតាំងពីដើមរដូវកាលមក។

កិច្ចសន្យាចាស់របស់កីឡាករវ័យ ៣២ឆ្នាំ Aguero នឹងផុតកំណត់នៅកីឡដ្ឋាន Etihad នៅបំណាច់រដូវកាលនេះ ដែលធ្វើឲ្យអនាគតរបស់គេស្រពេចស្រពិលផងដែរក្នុងការតកិច្ចសន្យាថ្មី ដោយសារញាំញីដោយរបួសខ្លាំងពេក៕