(ក្រុងមីឡាន)៖ ខ្សែប្រយុទ្ធជួរ Zlatan Ibrahimovic រកបាន ២គ្រាប់ក្នុងជំនួបដែល AC Milan បញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ទល់នឹងក្រុមភ្ញៀវ AS Roma នៅកីឡដ្ឋាន San Siro នារាត្រីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

២គ្រាប់បន្ថែមរបស់កីឡាករអន្តរជាតិស៊ុយអែត Zlatan ដែលមានវ័យ ៣៨ឆ្នាំកើតឡើងនៅនាទីទី២ និងនាទី៧៩ ធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៦គ្រាប់ក្នុងក្លិប AC Milan ច្រើនជាងគេនៅ Serie A តាមពីក្រោយដោយ Romelu Lukaku របស់ Inter Milan កីឡាករ Francesco Caputo របស់ Sassuolo និង Andrea Belotti របស់ក្លិប Torino ដែលរកបាន ៥គ្រាប់ដូចគ្នាគិតត្រឹម ៥សប្តាហ៍មកនេះ។

បន្ថែមលើនេះ ខ្សែប្រយុទ្ធដែលមានកម្ពស់ ១.៩៥ម៉ែត្រ Zlatan ក៏បានជួយឲ្យ AC Milan លេងមិនចាញ់នៅ Serie A ក្រោយឆ្លងកាត់ ៥ប្រកួតមកនេះ និងឈរនៅកំពូលតារាងជាប់ផងដែរ ជាមួយ ១៣ពិន្ទុតាមពីក្រោយដោយ Napoli ដែលមាន ១១ពិន្ទុ ក្នុងចំណោម ៣ក្រុមដែលលេងមិនទាន់ចាញ់ដូចគ្នារួមមាន Sassoulo និងក្រុមការពារតំណែងជើងឯក Juventus ផងដែរ។

អតីតកីឡាករនៃក្លិប Paris Saint-Germain, Manchester United, Inter Milan និង LA Galaxy បានបង្ហាញខ្លួន៣ប្រកួតរបស់ AC Milan ក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ និងរកបាន ២គ្រាប់ដូចៗគ្នាពេលជួយក្រុមឈ្នះ Bologna, Inter Milan និងលេងស្មើទល់នឹង Roma បន្ថែមលើជ័យជម្នះ ៣-១ ទៅលើម្ចាស់ផ្ទះ Celtic របស់ស្កុតឡេននៅថ្ងៃបើកឆាក UEFA Europa League ផងដែរ៕