(ចិន)៖ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅថ្ងៃចន្ទម្សិលមិញនេះ បានច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ក្នុងហាមឃាត់ការទាញយក កម្មវិធី WeChat ពីចេញ App Store និង Play Store សហរដ្ឋអាមេរិក ដែលសំណើនេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរបស់ លោក ដូណាល់ ត្រាំ ក្នុងការគៀបសង្កត់ក្រុមហ៊ុនចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចៅក្រុមបីរូបក្នុងចំណោមចៅក្រមទាំងបួន បាននិយាយនៅក្នុងបទបញ្ជាខ្លីមួយថា រដ្ឋាភិបាលមិនបានបង្ហាញភស្តុតាងពីផលប៉ះពាល់ ដែល បណ្ដាលមកពីកម្មវិធី WeChat ដូច្នេះហើយតុលារការសម្រេចឱ្យមានការទាញយកបន្តទៀត។

បទបញ្ជារបស់នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានកំណត់ថានៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ គឺរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាមេរិកផ្សេងៗជាមួយ WeChat គឺត្រូវផ្អាក ឬបញ្ឈប់ ដែលសកម្មភាពនេះត្រូវបានធ្វើឡើង ក្រោយពេល ដែលលោកដូណាល់ ត្រាំ បញ្ជាឱ្យបិទការទាញយកកម្មវិធី WeChat ពី Store នៅសហរដ្ឋអាមេរិក ហើយវាក៏ជាយុទ្ធសាស្ត្រមួយក្នុងការដាក់សម្ពាធរដ្ឋាភិបាលចិនផងដែរ។

គួរបញ្ជាក់ផងដែរថា សេចក្ដីសម្រេចជាផ្លូវការរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកប្រហែលជានឹងត្រូវធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២១ ៕