(ក្រុងឡុងដ៍)៖ កីឡាករសំខាន់ Son Hueng-min និង Harry Kane បានសហការគ្នាយ៉ាងល្អ ក្នុងការយកបាន ៣ពិន្ទុនៅក្នុងផ្ទះរបស់ Burnley តាមរយៈជ័យជម្នះ ១-០ នៅនារាត្រីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី៦ នៃ Premier League។

កីឡាករអង់គ្លេស Kane បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Son តែតបំប៉ោងសំណាញ់ទីបានសម្រេច ១គ្រាប់នៅនាទី៧៦ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ដើម្បីរកបាន ៨គ្រាប់ឈរនៅ Top scorer ក្នុងលីគកំពូល Premier League គិតត្រឹម ៦សប្តាហ៍មកនេះផងដែរ។

ខ្សែបម្រើប្រយុទ្ធមកពីកូរ៉េខាងត្បូង Son រកបាន ៤គ្រាប់ក្នុងជ័យជម្នះទៅលើ Southampton មុនពេលបន្ថែម ២គ្រាប់ទៀតពេលបំបាក់ Manchester United ៦-១ ជាមួយគ្រាប់ទី៧ ពេល Spurs ប្រកួតស្មើនឹង West Ham United និងគ្រាប់ទី៨ ពេលយកឈ្នះក្រុមក្បែរបាតតារាង Burnley។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមដែលដឹកនាំដោយលោក Jose Mourinho ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៥ នៃតំបន់កៅអីលេងពានអឺរ៉ុប ដោយមាន ១១ពិន្ទុ ចាញ់ក្រុមកំពូលតារាង Everton ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ គ្រាដែល Burnley បន្តឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ១ពិន្ទុពី ៥ប្រកួតរបស់ពួកគេ៕