(ភ្នំពេញ)៖ ទីបំផុត បេក្ខនារីផ្លូវការទាំង ២០ រូប ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ ត្រូវបានបង្ហាញដល់សាធារណជនហើយ នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅ «The Bridge Lifestyle Mall» កាលពីពេលថ្មីៗនេះ។ ការប្រកាសបេក្ខភាពផ្លូវការ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមក ជាមួយនឹងការសម្តែងពិសេសដោយ DJ M និងតារាចម្រៀង Ice ខណៈដែលបេក្ខភាពផ្លូវការទាំង ២០រូប បានបង្ហាញពីម៉ូតសម្លៀកបំពាក់របស់ពួកគេរៀងៗខ្លួន។

ក្នុងកម្មវិធីនោះ គេសង្កេតឃើញមានពិធីករ-ពិធិការិនីដ៏ស្រស់ស្អាត ដែលជាតារាម៉ូដែល តារាសម្តែង លោក Kelvan Fox, បវរកញ្ញាផែនដីកម្ពុជា ២០១៩ កញ្ញា ថោង ម៉ាឡា និងបវរកញ្ញាចក្រវាលកម្ពុជា ២០១៩ សំ ណាង អេលីណា ហើយក៏មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គម, អ្នកឧបត្ថម្ភកម្មវិធីក្រុមគ្រួសារ និងមិត្តភក្តិរបស់បេក្ខនារីផងដែរ។

ស្ថាបនិក និងនាយកប្រតិបត្តិ CIM លោក ម៉ែន និមលរ័ត្ន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២០ របស់យើង ត្រូវបានគ្រោងទុកស្របតាមពិធីសារ ស្តីពីសុវត្ថិភាពនិងសុខភាពសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងពេលមានរោគរាតត្បាត យើងរៀបកម្មវិធីដោយប្រុងប្រយ័ត្ន។ ដូច្នេះយើងមានកន្លែងអង្គុយ និងការអញ្ជើញចូលរួមមានចំនួនកំណត់។

សូមតាមដានការប្រកួតប្រជែងរបស់នារីកម្ពុជា ដែលមានភាពជឿជាក់ ជាមួយនឹងទំនុកចិត្ត ដូចដែលពួកគេធ្លាប់មានបទពិសោធន៍នេះម្តង ក្នុងឱកាសពេញមួយជីវិត ដើម្បីក្លាយជាបវរកញ្ញាចក្រវាលកម្ពុជា៕