(ភ្នំពេញ)៖ ក្រុមហ៊ុន OYIKA នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ សម្រាប់ទោចក្រយានយន្ត ដែលប្រើប្រាស់ដោយអគ្គិសនី ជាផ្លូវការនៅកម្ពុជា ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទោចក្រយានយន្តរបស់ខ្លួន ទៅជាទោចក្រយានយន្តឆ្លាតវៃ ដោយផ្គួបផ្សំវាជាមួយនឹងអាគុយឆ្លាតវៃ ដែលអាចយកតាមខ្លួនបាន។

ក្រុមហ៊ុន OYIKA អនុញ្ញាតឱ្យអ្នកជិះទោចក្រយានយន្តអគ្គិសនី ផ្លាស់ប្តូរអាគុយដែលអស់ថាមពល ជាមួយនឹងអាគុយមួយដែលបានសាកពេញ នៅតាមស្ថានីយផ្លាស់ប្តូរអាគុយនីមួយៗ ជំនួសឱ្យការចាក់សាំងនៅតាមស្ថានីយប្រេងឥន្ធនៈ។

ក្រុមហ៊ុន OYIKA ផ្តល់នូវការផ្លាស់ប្តូរ អាគុយជាមួយដៃគូទោចក្រយានយន្តអាគុយរបស់ខ្លួន ដោយធ្វើការបង់ប្រាក់ នៅពេលដែលចេញដំណើរតែប៉ុណ្ណោះ សំរាប់ការធ្វើដំណើរជិតៗ ការជួលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។

លោក Carl Wong ប្រធានក្រុមហ៊ុន OYIKA បានឱ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដោយមានស្ថានីយចំនួន ១០នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានផ្តល់ដល់អ្នកជិះនូវគម្រោងបង់ប្រាក់ក្នុងតម្លៃ ៦៩ដុល្លាក្នុង១ខែ ដោយផ្តល់ជូននូវទោចក្រយានយន្តអគ្គិសនីមួយគ្រឿង និងគម្រោងផ្លាស់ប្តូរអាគុយ សំរាប់ការធ្វើដំណើរ ចម្ងាយ១៥០០គីឡូម៉ែត្រក្នុង១ខែ។

លោកថា ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយនេះ ដំណើរការទៅមិនរលូនពេកនោះទេ ពីព្រោះមនុស្សភាគច្រើននៅស្រឡាញ់ ចូលចិត្តទោចក្រយានយន្តដែល បញ្ចេញចំហេះខាងក្នុងរបស់ពួកគេ ហើយពួកគេនៅមិនទាន់ទុកចិត្ត ទៅលើទោចក្រយានយន្តអគ្គិសនី។ ដូច្នេះ OYIKA បានចាប់ផ្តើមនូវ Go2 ដែលជាសេវាកម្មធ្វើដំណើរ ដោយការចែករំលែក ដែលជាគម្រោងបង់ប្រាក់នៅពេលចេញដំណើរតែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យមានកិច្ចសន្យា មិនមានការបង់ប្រាក់ជាមុន និងប្រាក់កក់ឡើយ។

ការធ្វើដំណើរជាទូទៅត្រូវចំណាយប្រហែលជា០.៧៥ដុល្លាប៉ុណ្ណោះសំរាប់ចម្ងាយ ៦គីឡូម៉ែត្រ ហើយមនុស្សអាចប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី នៅពេលដែលត្រូវការ និងអាចទុកវានៅតាមគោលដៅស្ថានីយនីមួយៗដែលមាន។ រឿងដែលសំខាន់នោះ គឺការធ្វើដំណើរដោយចែករំលែកជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ បានចូលរួមកាត់បន្ថយនូវរនាំង ក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីផងដែរ។

ក្រុមហ៊ុន OYIKA ទទួលបាននូវប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ដើម្បីពង្រីកនូវការសាកល្បង ក្នុងការធ្វើដំណើរដោយការចែករំលែកនៅរាជធានីភ្នំពេញ ដែលចូលរួមឱ្យការចាប់ផ្តើមរបស់វា អាចដំណើរការទៅបាន ហើយសង្ឃឹមថាអាចនឹងពង្រីក ឱ្យបានទូលំទូលាយទៅកាន់តំបន់ដាច់ស្រយាលនានានៅកម្ពុជា។

លោក Carl បានបន្ថែមទៀតថា ការចែករំលែកទោចក្រយានយន្តអគ្គិសនី ផ្តល់នូវការធ្វើដំណើរ ដែលមានតម្លៃសមរម្យទៅកាន់សហគមន៍តំបន់ដាច់ស្រយាលដោយមិន ចាំបាច់ធ្វើការទិញយានយន្តជាមុន ដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិ។ វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្រ្តី និងជនដែលងាយរងគ្រោះ ដែលមិនមានមធ្យោបាយ ធ្វើដំណើរដ៏ទុកចិត្តបានដោយខ្លួនឯង។

សហគមន៍តំបន់ដាច់ស្រយាលជាច្រើន អាចដំណើរការស្ថានីយផ្លាស់ប្តូរអាគុយផ្ទាល់ខ្លួនបាន ហើយក្រុមហ៊ុននឹងធ្វើឱ្យវាមានតម្លៃដ៏សមរម្យ ដើម្បីឱ្យពួកគេអាចចាប់ផ្តើមនូវ អាជីវកម្មមួយនេះបាន ខណៈដែលពួកគេមិនមានលទ្ធភាព ក្នុងការបើកនូវស្ថានីយប្រេងឥន្ធនៈបាន ពួកគេអាចនឹងមានលទ្ធភាពក្នុងការចាប់ផ្តើម បើកនូវស្ថានីយផ្លាស់ប្តូរ អាគុយ តាមរយៈក្រុមហ៊ុន OYIKA បាន៕