(សៀមរាប)៖ ក្រុមហ៊ុនសែលកាត (Cellcard) បានប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des Hommes Netherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរកានូវយុទ្ធនាការថ្មី «គាំពារសុវត្ថិកុមារ ដើម្បីអនាគត» ដើម្បីចូលរួមជួយយុវជន ក្នុងការអភិវឌ្ឍនូវជំនាញឌីជីថល ដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

យុទ្ធនាការនេះត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន៣៥រូប របស់អង្គការ TdH-NL និងកុមារជាង២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។

គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺ ដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់បណ្តាញសង្គម ដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា ក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការ ចែករំលែកនូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ការយល់ដឹង អំពីយុទ្ធនាការ សុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក Watson បានបន្ថែមថា គំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាត ដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយ នៃចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ។ យុវជនដ៏មានទេពកោសល្យឈានមុខទាំងពីររូបរបស់សែលកាត រួមមាន កញ្ញា រ៉េត ស៊ូហ្សាណា និង ប៊ុន ឡេង បានចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំនូវសិក្ខាសាលាតាមអនឡាញស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រងបណ្តាញសង្គម។

លោក វ៉ាតសុន បានឱ្យដឹងទៀតថា យុវជនដ៏មានទេពកោសល្យទាំងពីររូបនេះ គឺមានអ្នកគាំទ្រតាមប្រព័ន្ធអនឡាញដល់ទៅជាងមួយលាននាក់ឯណោះ ពោលគឺបង្ហាញថា ពួកគេអាច ដើរតួជាគំរូដ៏ល្អមួយសម្រាប់យុវសិស្សខ្មែរ។ ក្នុងនាមជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិដើម្បីសុវត្ថិភាពកុមារដែលជាផ្នែកមួយ នៃតួនាទីរបស់យើងក្នុងការគាំទ្រដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ការផ្តល់ជូនដល់សិស្សានុសិស្សនូវជំនាញឌីជីថលដែលចំាបាច់សម្រាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញនេះ គឺជាមធ្យោបាយមួយដែលយើងអាចចូលរួមជួយបាន ហើយក៏លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំនៅតាមសហគមន៍ទាំងអស់ឱ្យចូលរួមគាំទ្រ ក៏ដូចជាតាមដានយុទ្ធនាការនេះទាំងអស់គ្នា។

លោក ហេង ពុទ្ធិកា អ្នកជំនាញខាងផ្នែកលើកកម្ពស់ការយល់ដឹងរបស់អង្គការ TdH-NL បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត ចំពោះការចូលរួមនៅក្នុងយុទ្ធនា ការនេះ។ ការចូលរួមជាមួយវិស័យឯកជន គឺជាជំហានដ៏សំខាន់បំផុតមួយ ក្នុងការទទួលជ័យជម្នះលើការតស៊ូរបស់យើងដើម្បីសិទ្ធិកុមារ។ ក្រុមហ៊ុនសែលកាតក៏នឹងផ្តល់ ស៊ីមកាតដោយឥតគិតថ្លៃ និងគម្រោង Cellcard 4U ជូនដល់ថ្នាក់ដឹកនាំក្រុមទាំង ៣៥រូប ដែលជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ TdH-NL នៅទីតាំងទាំង១០។

លោក ហេង ពុទ្ធិកា បានបន្ថែមថា ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការយុទ្ធនាការ «គាំពារសុវត្ថិកុមារ ដើម្បីអនាគត» អង្គការ TdH បានបើកដំណើរការទំព័រហ្វេស ប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរកបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUS ទំព័រហេ្វសប៊ុកនេះ មានបង្ហាញជូននូវរូបស្លាកសញ្ញាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើង ដើម្បីជានិមិត្តរូបនៃបណ្តាសហគមន៍ ដែលបានចូលរួមក្នុងការផ្តល់ខែល ការពារដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញឱ្យពួកគេមានអនាគតភ្លឺស្វាង និងជោគជ័យ ដែលពួកគេស័ក្តិសមនឹងទទួលបានផងដែរ។

Terre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាល ជួយការពារកុមារឈានមុខគេមួយ ដែលបានបំពេញប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារ និងការឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញ អនឡាញ និងអហ្វឡាញ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះ តែងចូលរួមសហការជាមួយរដ្ឋាភិបាល អង្គការក្នុងស្រុក សាលារៀន និងបណ្តាសហគមន៍ជាច្រើនទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់កុមារ និងហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារ៕