(ពិភពលោក)៖ តាំងពីបុរាណកាលមក មនុស្សជុំវិញពិភពលោកភាគច្រើនសុទ្ធតែចាត់ទុកថា ព្រះអាទិត្យជាផ្កាយព្រះអគ្គីដែលវិលជុំវិញភពផែនដី ដោយតែងរះឡើងពីទិសខាងកើត និងអស្ដង្គតទៅវិញនៅទិសខាងលិច ប៉ុន្តែក៏មានដែរនូវអ្នកប្រាជ្ញមួយចំនួនក្រោយៗមកទៀត ដែលបានរកឃើញការពិតជាក់ស្ដែងថាគឺផែនដីរបស់យើងទៅវិញទេ ដែលវិញជុំវិញព្រះអាទិត្យនោះ។

តើអ្នកដឹងទេថា អ្នកណាដែលបានដឹងថាផែនដីវិលជុំវិញព្រះអាទិត្យមុនគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ?

លោក អារីស្ដាក (Aristarque) ត្រូវបានគេចាត់ទុកថាជាអ្នកដែលបាននិយាយអំពីរឿងនេះមុនគេបង្អស់។ រស់នៅក្នុងអាណាចក្រសាម៉ូស (Samos) នៃពិភពលោកក្រិកបុរាណ លោក អារីស្ដាក ប្រសូត្រឡើងនៅឆ្នាំ ៣១០ មុនគ្រិស្ដសករាជ និងទទួលមរណភាពទៅវិញនៅឆ្នាំ ២៣០ មុនគ្រិស្ដសករាជ។

អារីស្ដាក មិនត្រឹមអះអាងថា ផែនដី និងផ្កាយព្រះគ្រោះផ្សេងៗទៀតវិលជុំវិញព្រះអាទិត្យប៉ុណ្ណោះទេ គាត់ក៏អាចគណនាពីទំហំ និងរយៈចម្ងាយរវាងផែនដី-ព្រះអាទិត្យ និងរវាងផែនដី-ព្រះច័ន្ទបានផងដែរ។

លោកបានអះអាងទៀតថា មេឃមិនមែនជាឋានសួគ៌ដូចដែលមនុស្សគ្រប់គ្នាជឿនោះទេ តែវាគឺជាចក្រវាឡដ៏ធំមួយ ស្ទើរតែមិនអាចវាស់ទំហំបាន។ ការអះអាងរបស់ជនជាតិសាម៉ូសរូបនេះ មិនទទួលបានការគាំទ្រជឿជាក់ពីសំណាក់មហាជននាសម័យនោះឡើយ ព្រោះពួកគេបានជឿតាមទ្រឹស្ដីសាសនារួចទៅហើយថា ព្រះអាទិត្យ និងព្រះច័ន្ទ គឺសុទ្ធតែវិលជុំវិញភពផែនដី ហើយមេឃគឺជាឋានសួគ៌សម្រាប់ព្រះអាទិទេពរស់នៅ។

មហាជនសម័យនាសម័យនោះមិនបានចាត់ទុកលោក អារីស្ដាក ជាតារាវិទូអ្វីនោះទេ ប៉ុន្តែពួកគេបានចាត់ទុកលោកជាគណិតវិទូដ៏ឆ្នើមមួយរូប។ គេបានកត់ត្រាទុកថា អារីស្ដាក ធ្លាប់បានសិក្សានៅសាលាលីស្យូម (Lyceum) ប្រទេសក្រិកបុរាណ។

នៅសម័យអរិយធម៌រ៉ូម៉ាំង ទើបមានគេបានលើកយកទ្រឹស្ដីដដែលរបស់ អារីស្ដាក មកនិយាយឡើងវិញ ដោយពួកគេបានចាត់ទុកលោកថា ជាមនុស្សឆ្លាតវៃក្នុងរឿងវិទ្យាសាស្ត្រគ្រប់ប្រភេទ។

ទើបតែមកដល់សតវត្សរ៍ទី១៦ នេះទេ ដែលទ្រឹស្ដីផែនដីវិលជុំវិញព្រះអាទិត្យ ត្រូវបានពិភពលោកយល់ស្របភាគច្រើន ពោលគឺក្រោយពីមានការបោះពុម្ពផ្សាយសៀវភៅ On the Revolution of the Heavenly Spheres របស់លោក នីកូឡាស់ កូពើនីកាស់ (Nicolaus Copernicus) ដែលបានចេញផ្សាយនៅឆ្នាំ១៥១៤៕