(បាសេឡូណា)៖ លោក Josep Maria Bartomeu បានសម្រេចចុះចេញពីតំណែងប្រធានក្លិបបាល់ទាត់ FC Barcelona ជាផ្លូវការហើយ ក្រោយកាន់តួនាទីនេះអស់រយៈពេល ៦ឆ្នាំបន្ទាប់ពីលោក Sandro Rosell ដែលលាឈប់ដូចគ្នាកាលពីឆ្នាំ២០១៤។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ នេះបានឲ្យដឹងថា បុរសសញ្ជាតិអេស្ប៉ាញ Bartomeu បានបង្ខំចិត្តចុះចេញពីតំណែង បន្ទាប់ពីរងសម្ពាធកាន់តែខ្លាំងនៅដើមរដូវកាលនេះ នៅពេលដែលរកាំរកូសជាមួយ Lionel Messi ផងដែរ ក្នុងការបញ្ចុះបញ្ចូលបន្តកិច្ចសន្យាថ្មីលេងនៅទឹកដី Camp Nou បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២០-២០២១ នេះ។
ថ្លែងក្នុងសន្និសីទមុនចាកចេញពីក្លិបនៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ លោក Josep Maria Bartomeu បានថ្លែងថា រូបលោកបានទទួលយក និងគាំទ្រចំពោះគម្រោងដែលក្លិបអ្នកមានបុណ្យ FC Barcelona ចូលរួមក្នុងយុទ្ធនាការ European Super League ដែលមានទំហំទឹកប្រាក់ប្រមាណ ៤.៦ពាន់លានដុល្លារ ដែលត្រូវបានជ្រើសរើសតែក្រុមខ្លាំងមកពីតំបន់ផ្សេងៗគ្នាប្រកួតប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះដែរ សមាជិកមកពីក្លិបនានាប្រមាណជាង ២០០០០នាក់ បានចុះហត្ថលេខាគាំទ្រឲ្យដកលោក Bartomeu ចេញពីតំណែង ដ្បិតក្លិបដែលមានមូលដ្ឋានស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយនេះ ក៏គោរពការសម្រេចចិត្តរបស់អ្នកគាំទ្រក្នុងការផ្លាស់ប្តូរប្រធានថ្មីនេះដែរ៕