(ក្រុងតូរីន)៖ ក្រុមយក្សរបស់អ៉ីតាលី Juventus នៅតែទន្ទឹងរង់ចាំលទ្ធផលធ្វើតេស្តចុងក្រោយនៃជំងឺ Covid-19 របស់កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានឆ្លងតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដែលបានកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅឡើយ។
យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ លោក Andrea Pirlo នៅតែទន្ទឹងរង់ចាំលទ្ធផលធ្វើតេស្តចុងក្រោយ ថាតើខ្សែប្រយុទ្ធសំខាន់ព័រទុយហ្គាល់ខាងលើនេះ អាចបង្ហាញខ្លួនលេងទល់នឹងក្រុមដែលមាន Lionel Messi នៅរាត្រីនេះបានឬយ៉ាងណា។
Juventus ត្រូវប៉ះក្រុមរបស់អេស្ប៉ាញ FC Barcelona នាម៉ោង ០៣៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្នុងការប្រកួតវិលជុំសន្សំពិន្ទុលើកទី២ ប្រចាំពូល G ដែលសុទ្ធជាក្រុមរកបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកនៅពេល Juventus បានបំបាក់ម្ចាស់ផ្ទះ Dynamo Kyiv ២-០ និង Barcelona យកឈ្នះក្រុមភ្ញៀវ Ferencvaros ៥-១ នៅទឹកដី Camp Nou។
កីឡាករមានវ័យ ៣៥ឆ្នាំ Ronaldo បានបង្ហាញខ្លួនលើកចុងក្រោយឲ្យសេះបង្កង់ពេលលេងស្មើ ២-២ ទល់នឹង Roma នាថ្ងៃទី២៧ ខែកញ្ញា និងលេងស្មើ ០-០ ពេលព័រទុយហ្គាល់ជួបបារាំងក្នុងយុទ្ធនាការ UEFA Nations League កាលពីថ្ងៃទី១១ ខែតុលា មុនពេលឆ្លង Covid-19៕