(កណ្តាល)៖ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ក្រុមហ៊ុនសេវាអ៉ីនធឺណិតលំដាប់ខ្ពស់ EZECOM បាននាំយកអំណោយមូលនិធិទឹកជំនន់ EZECOM រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី និងត្រីខកំប៉ុង ចុះចែកជូនប្រជាពលរដ្ឋរងគ្រោះប្រមាណ ១៤០គ្រួសារ ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ពិធីនេះដោយមានការ សម្របសម្រួលពីគណៈកម្មាធិការជាតិដោះស្រាយគ្រោះមហន្តរាយ និងអាជ្ញាធរក្នុងមូលដ្ឋាន និងមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជាង ២០នាក់។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានឱ្យដឹងថា ក្រោមស្មារតីរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប EZECOM បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ ថ្វីដ្បិតក្រុមការងារមានវត្តមានមិនច្រើនប៉ុន្មាន តែបុគ្គលិក ទូទាំងប្រទេសបានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការជូនពរដល់ជនរងគ្រោះទាំងអស់ពីចម្ងាយ ហើយសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ដើម្បីដោះស្រាយការ លំបាករបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដើមមៀន បានសម្តែងការកោតសរសើរខ្ពស់ ចំពោះទឹកចិត្តមនុស្សធម៌ និងការរួមចំណែករបស់ក្រុមហ៊ុន EZECOM និងបានសំណេះសំណាលលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងប្រាស្រ័យ ទាក់ទងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងករណីចាំបាច់ណាមួយ ដូចជាករណីកើតមានជំងឺគ្រុនឈិ ដើម។

សូមបញ្ជាក់ថា ជំនួយរបស់ក្រុមហ៊ុន EZECOM ដល់ក្រុមគ្រួសាររងគ្រោះក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅនេះ គឺជាចំណែកមួយនៃការផ្តួចផ្តើម មូលនិធិទឹកជំនន់របស់ខ្លួន ដែលផ្គត់ផ្គង់ថវិកាមួយចំណែកធំដោយក្រុមហ៊ុនផ្ទាល់ និងចំណែកខ្លះដោយថវិកាពីសប្បុរសជនគ្រប់ទិសទី។

ក្រុមហ៊ុនបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះមិនបញ្ចប់ត្រឹមពិធីចែកអំណោយថ្ងៃនេះនោះទេ សប្បុរសជននៅតែអាចចូលរួមបរិច្ចាគបានតាមរយៈគណនី Wing លេខ 023888181 ឈ្មោះ Ezecom Fundraising និងគណនី ABA លេខ 023888181 ឈ្មោះ EZECOM CO LTD ហើយទឹកប្រាក់ដែលគៀងគរបានជាបន្តបន្ទាប់ណាមួយ នឹងត្រូវចាត់ចែងប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះជនរងគ្រោះជាបន្តទៀត។

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីសកម្មភាពសង្គមរបស់ក្រុមហ៊ុន EZECOM សូមតាមដានផេចហ្វេសប៊ុក EZECOM ឬចូលទៅគេហទំព័រ www.ezecom.com.kh (http://www.ezecom.com.kh/)៕