(អូតាវ៉ា)៖ ក្រុមហ៊ុន E-Commerce របស់ប្រទេសកាណាដា Shopify នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា ក្រុមហ៊ុននឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុនវីដេអូ TikTok ក្រោមគោលដៅព្យាយាមទាក់ទាញអាជីវករបន្ថែមទៀត ឲ្យមកប្រើវែបសាយលក់ទំនិញអនឡាញរបស់ខ្លួន តាមរយៈការផ្តល់ភាពងាយស្រួលដល់អាជីវករ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេតាមកម្មវិធី TikTok។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន Shopify បានឲ្យដឹងថា ភាពជាដៃគូខាងលើនឹងអនុញ្ញាតឲ្យអាជីវកររបស់ខ្លួន លក់ផលិតផលពួកគេក្នុងទម្រង់ជាវីដេអូផ្សាយពាណិជ្ជកម្ម ដែលអ្នកប្រើប្រាស់កម្មវិធី TikTok អាចចុចលើផ្ទាំងពាណិជ្ជកម្មដើម្បីទិញផលិតផលបាន។ ដោយឡែកសម្រាប់ដំណើរការទូទាត់ប្រាក់ទាំងអស់ នឹងប្រព្រឹត្តទៅតាមវែបសាយរបស់ Shopify ផ្ទាល់ ដែលនឹងជួយក្រុមហ៊ុននេះបង្កើនការលក់តាមអនឡាញ។

គួរជម្រាបថា យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិត ទាក់ទងទៅនឹងហិរញ្ញវត្ថុជុំវិញភាពជាដៃគូនេះឡើយ៕