(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Marcus Rashford ដែលត្រូវបានគ្រូបង្វឹក Ole ប្តូរចូលនៅនាទី៦៣ នោះ អាចរកបាន ៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងជ័យជម្នះ Manchester United លត់ RB Leipzig ៥-០ នៅពានអឺរ៉ុប UEFA Champions League នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
Rashford ត្រូវបានប្តូរចូលនៅនាទី៦៣ ជំនួសមិត្តរួមក្រុម Mason Greenwood ដែលរកបានគ្រាប់ទី១ ក្នុងការប្រកួតនេះនៅនាទី២១ នៃកីឡដ្ឋាន Old Trafford ដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។
កីឡាករអង់គ្លេស Rashford រកគ្រាប់ស៊ុតកើនដល់ ៤គ្រាប់ត្រឹម ២ប្រកួតនៅ UCL នារដូវកាលថ្មីនេះ ក្រោយពេលរកបាន គ្រាប់ទី១ ក្នុងជ័យជម្នះ ២-១ ទៅលើ Paris Saint-Germain កាលពីថ្ងៃបើកឆាកវគ្គសន្សំពិន្ទុនៃពូល H វគ្គ ៣២ក្រុមចុងក្រោយ។
៣ពិន្ទុបន្ថែមនេះ បានជួយឲ្យក្រុមរបស់លោក Ole Gunnar Solskjaer មាន ៦ពិន្ទុឈរនៅកំពូលនៃពូល H ជាបណ្តោះអសន្នផងដែរ តាមពីក្រោយដោយ PSG របស់បារាំងដែលទើបរកបាន ៣ពិន្ទុលើកដំបូង បន្ទាប់ពីបំបាក់ Istanbul ២-០ នៅយប់មិញនេះដូចគ្នា។
Man Utd ជាក្រុមទី៣ របស់អង់គ្លេសដែលលេងល្អ ១០០%នាដើមរដូវនៅ UEFA Champions League ជាមួយហង្សក្រហម Liverpool និង Manchester City របស់អង់គ្លេស គ្រាដែលតោខៀវ Chelsea ទើបតែបាន ៣ពិន្ទុលើកដំបូងក្នុងចំណោម ២ប្រកួតដែលបានបំបាក់ក្រុមម្ចាស់ផ្ទះ FC Krasnodar ក្នុងលទ្ធផល ៤-០៕