(អាមេរិក)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Advanced Micro Devices ហៅកាត់ AMD នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ក្រុមហ៊ុននឹងទិញយកក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកមួយទៀតគឺ Xilinx Inc ក្នុងតម្លៃ៣៥ពាន់លានដុល្លារ។ ការទិញនេះត្រូវគេមើលឃើញថាគឺ AMD មានគោលដៅពង្រឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិកមួយផ្សេងទៀតគឺ Intel ក្នុងទីផ្សារបន្ទះឈីបសម្រាប់ Data Center។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
ក្រុមហ៊ុន AMD រំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងខាងលើនៅចុងឆ្នាំ២០២១។ តាំងតែពីយូរណាស់មកហើយ AMD ត្រូវគេស្គាល់ថាជាគូប្រជែងដ៏ធំចំពោះក្រុមហ៊ុន Intel នៅក្នុងអាជីវកម្មផលិតបន្ទះឈីប CPU សម្រាប់ម៉ាស៉ីនកុំព្យូទ័រលក្ខណៈ PC និង Laptop។ ប៉ុន្តែនៅពេលលោកស្រី លីសា ស៊ូ (Lisa Su) បានឡើងជានាយកប្រតិបត្តិរបស់ AMD តាំងតែពីឆ្នាំ២០១៤មក លោកស្រីបានផ្តោតលើប្រកួតប្រជែង ក្នុងអាជីវកម្មម៉ាស៉ីនបែប Data Center ថែមទៀតជាមួយ Intel។
អាជីវកម្ម Data Center បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ខណៈវាបម្រើដល់កម្មវិធីនិងសេវាដែលដំណើរការលើអ៉ីនធើណិត ហើយក៏កំពុងជំរុញដល់កំណើនបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ AI និងបណ្តាញសេវាទូរគមនាគមន៍ជំនាន់ចុងក្រោយ 5G ផងដែរ។
គួរជម្រាបថា កន្លងមក ក្រុមហ៊ុន Xilinx ក៏បានព្យាយាមប្រកួតប្រជែងក្នុងទីផ្សារ Data Center ដែរ។ គូប្រជែងធំរបស់ Xilinx ក្នុងផ្នែកនេះ គឺក្រុមហ៊ុន Altera Corp ដែលត្រូវបានក្រុមហ៊ុន Intel ទិញយកទៅក្នុងតម្លៃ១៦.៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៥៕