(តៃវ៉ាន់)៖ យោងតាមរបាយការណ៍វិភាគ និងស្រាវជ្រាវរបស់ក្រុមហ៊ុន Digitimes Research បានឱ្យដឹងថា ការលក់ទូរស័ព្ទស្មាតហ្វូន នៅជុំវិញពិភពលោកនាត្រីមាសទី៣ ឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណជា ៦ភាគរយ ដោយការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញមើលឃើញ ថា វាការធ្លាក់ចុះតិចតូច និងសល់ចំហាយខ្យល់ពី ត្រីមាសទី២មក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទីផ្សារស្មាតហ្វូននៅ លោក ខាងលិចដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអ៊ីតាល គឺបានធ្លាក់ចុះខ្លាំង ហើយបញ្ហាដែលនាំឱ្យធ្លាក់ចុះនេះត្រូវបានគេដឹង ថាមកពីជំងឺរាតត្បាតកូវីដ-១៩ ដោយពួកគេត្រូវត្បិតត្បៀតក្នុងការចាយលុយ។
នៅក្នុងត្រីមាសទី៣នេះផងដែរ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗចំនួន២ បានប្រជែងគ្នាដណ្ដើមចំណែកទីផ្សារស្មាតហ្វូនសកល ដោយ ក្នុងនោះ Samsung និង Huawei នាំមុខគេ ព្រោះក្រុមហ៊ុនទាំងពីរនេះបានចេញស្មាតហ្វូនកំពូលៗជាច្រើនដែលធ្វើឱ្យអតិថិជនទប់អារម្មណ៍មិនបាន និងបានចំណាយលុយទិញ ប៉ុន្តែ គេ នៅមិនទាន់ឃើញមានរបាយការណ៍នៃការលក់ស្មាតហ្វូនពីក្រុមហ៊ុនទាំងពីរនេះនោះទេ។
Digitimes Research ក៏បានបង្ហាញបងដែរថា នៅក្នុងឆ្នាំនេះ ស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា 5G នឹងមានប្រមាណជា ២០ភាគរយ នៃ ចំនួនស្មាតហ្វូនសរុបដែលបានលក់ ដោយក្នុងនោះចិនជាទីផ្សារស្មាតហ្វូន 5G ធំជាងគេ៕