(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២៨ ខែតុលា បានបើកយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ប្រចាំឆ្នាំ២០២០ ដោយផ្ដើមចេញពីខេត្តកំពង់ធំមុនគេ ក្នុងចំណោមរាជធានី-ខេត្តចំនួន៥ ដែលត្រូវបានកំណត់តរៀបចំកម្មវិធីនេះ រួមមានខេត្តកំពង់ធំ ក្រុងព្រះសីហនុ ខេត្តកែប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។
សម្រាប់កម្មវិធីដំបូង ដែលធ្វើនៅវិទ្យាល័យស្រះបន្ទាយ គឺមានសិស្សានុសិស្សជាង ១០០នាក់ចូលរួម ហើយមានវាគ្មិន ៣រូប ធ្វើបទបង្ហាញ ដូចជាលោក ញ៉ាន សុខវិសាល ប្រធានបទគោលការណ៍គ្រឹះនៃទស្សនៈវិជ្ជាអូឡាំពិក និងគុណតម្លៃអូឡាំពិក, លោក ប៊ុយ សុភ័ណ្ឌ ប្រធានបទកម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងវេជ្ជបណ្ឌិត ហួត ចាន់ធានី ប្រធានបទការបណ្ដុះបណ្ដាល និងអប់រំស្ដីពីជំងឺកូវីដ-១៩។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសចលនាអូឡាំពិក ស្របតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដើម្បីបង្កើតសកម្មភាពលេងកីឡា និងបង្កើតឧត្តមគតិអូឡាំពិក ក្នុងន័យបញ្ជ្រាបការយល់ដឹងអំពីរបៀបរបប ក៏ដូចជាប្រយោជន៍ក្នុងការលេងកីឡាផងដែរ។
អ្វីដែលពិសេស ក្នុងចំណោមរាជធានី-ខេត្ត ដែលត្រៀមរៀបចំកម្មវិធីខាងលើ ក៏មានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេមមួយដែរ។ ដូច្នេះលោកចាត់ទុកនេះជាឱកាសល្អមួយ ដើម្បីផ្សព្វផ្សាយ និងបំផុសយុវជន ចូលរួមយុទ្ធនាការប្រជាពលរដ្ឋម្នាក់លេងកីឡាមួយមុខ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម៕