(ញូយ៉ក)៖ ដោយសារតែវិបត្តិ COVID-19 ផង បូករួមជាមួយបញ្ហាយន្តហោះ 737 MAX ផង ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីការកាត់បន្ថយបុគ្គលិក៧,០០០ថែមទៀត។ ប្រការនេះធ្វើឲ្យចំនួនបុគ្គលិក Boeing ដែលនឹងត្រូវបាត់បង់ការងារសរុបកើនដល់៣០,០០០នាក់ ក្នុងរយៈពេល២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
ពេញមួយឆ្នាំ២០២០នេះ Boeing បានស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដោយសារតែ ការផ្ទុះឡើងនូវវិបត្តិជំងឺរាតត្បាតជាសកល COVID-19 ដែលបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ វិស័យអាកាសចរណ៍នៅទូទាំងពិភពលោក បន្ថែមពីបញ្ហានៃការបញ្ឈជើងយន្តហោះ 737 MAX ដែល Boeing បានប្រឈមស្រាប់ចាប់តាំងតែពីឆ្នាំ២០១៩មក។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Boeing បុគ្គលិកខ្លួននឹងត្រូវកាត់បន្ថយមកត្រឹម១៣០,០០០នាក់ នៅចុងឆ្នាំ២០២១ ខណៈគិតត្រឹមខែមករា ឆ្នាំ២០២០កន្លងទៅនេះ Boeing មានបុគ្គលិកសរុប១៦០,០០០នាក់។
គួរជម្រាបថា ក្នុងត្រីមាសទី៣នៃឆ្នាំ២០២០នេះ ក្រុមហ៊ុន Boeing ក៏បានទទួលរងការខាតបង់ទំហំ៤៤៩លានដុល្លារផងដែរ ដែលប្រការនេះធ្វើឲ្យការខាតបង់សរុបរបស់ Boeing ក្នុងឆ្នាំនេះកើនដល់៣.៥ពាន់លានដុល្លារ៕