(ភ្នំពេញ)៖ ក្នុងបេសកកម្មបម្រើអារម្មណ៍ប្រិយមិត្ត ក្នុងរដូវបុណ្យអុំទូកឆ្នាំ២០២០នេះ ផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញវីដេអូចម្រៀងពិសេសមួយ ដែលក្នុងនោះបានលើកបង្ហាញ ពីអត្តសញ្ញាណជាតិខ្មែរជាច្រើន ខណៈប្រិយមិត្តក៏កំពុងលើកសរសើរមិនដាច់ពីមាត់។

បទចម្រៀងប្រពៃណីខ្មែរ ដែលផលិតកម្មរស្មីហង្សមាស បានផលិតជាពិសេសសម្រាប់ រដូវបុណ្យអុំទូកនេះ មានចំណងជើងថា «ស្វែងយល់ព្រះរាជពិធីបុណ្យអុំទូក» ច្រៀងរួមគ្នាដោយកំពូលតារាចម្រៀង២ដួង គឺ ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត។ វីដេអូចម្រៀងបាននិងកំពុងអន្ទងបេះដូងប្រិយមិត្ត អ្នកស្ដាប់ឲ្យលង់ជាមួយនឹងមន្តនៃដួងព្រលឹងរបស់សិល្បៈវប្បធម៌ខ្មែរ ដែលបានលេចមកយ៉ាងពិសេស ក្នុងវីដេអូចម្រៀងយ៉ាងល្អឥតខ្ចោះនេះ។

មហាជន និងអ្នកគាំទ្របានលើកឡើងថា នេះទើបជាបទចម្រៀងប្រពៃណីខ្មែរពិតប្រាកដ។ អ្នកខ្លះក៏បានភ្លាត់មាត់ថា «ពីរោះណាស់ ព្រោះមានបញ្ចូលឧបករណ៍ ភ្លេងបូរាណខ្មែរ សំឡេង និងសម្រស់ស័ក្តិសមគ្នា មានអត្ថន័យល្អ ការស្លៀកពាក់ស័ក្តិសមឥតខ្ចោះ!»។ មិនអស់នៅឡើយមានប្រិយមិត្តខ្លះទៀត អះអាងថារូបគេពិតជាលង់នឹងរសជាតិបទភ្លេង និងសំនៀងរបស់កំពូលតារាទាំងពីរកាន់តែខ្លាំង។

បទបែបផែនប្រពៃណីដ៏ល្អៗបែបនេះ គេសង្កេតឃើញថា មានតែផលិតកម្មរស្មីហង្សមាស ដែលតែងប្រកាន់ខ្ជាប់គ្រប់រដូវបុណ្យជាតិធំៗ តាំងពីដើមរហូតមកដល់ពេលនេះ។

កុំឲ្យខកខាន! តោះទស្សនា និងស្តាប់កម្សាន្តវីដេអូចម្រៀង ពិសេសនេះទាំងអស់គ្នា៖