(ភ្នំពេញ)៖ ចាត់ទុកថា ជាចំនួនមួយយ៉ាងច្រើនលើសលប់មិនធ្លាប់មានពីមុនមក នៃស្នាដៃចម្រៀងរបស់កំពូលតារាចម្រៀងចាស់វស្សា លោក ព្រាប សុវត្ថិ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណៈបទរបស់លោកក្នុងផលិកកម្ម Galaxy Navatra ក្រោមចំណងជើងថា «ភូមិខ្ញុំ Update» បញ្ចេញមិនទាន់បាន២ខែស្រួលបួលផង មានអ្នកចូលទស្សនាច្រើនកប់ពពក ពោលគឺដល់ទៅជាង ៦.២ លានដងឯងណោះ។
នេះប្រៀបបាននឹងកំណត់ត្រាថ្មីមួយ របស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងការឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra ព្រោះគ្រាន់ Lyric Video មិនមែនជា MV ចម្រៀងផង មានអ្នកគាំទ្រ ចូលទស្សនា និងស្តាប់យ៉ាងច្រើនទៅហើយ។ បទចម្រៀង «ភូមិខ្ញុំ Update» ត្រូវបានគេដឹងថា ជាស្នាដៃចម្រៀងទី២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra បន្ទាប់ពីបទ «ខែភ្ជុំជ្រូកយំពេញទ្រុង»។
គួរជម្រាបថា ចាប់តាំងពីប្រកាសខ្លួនជាផ្លូវការ ក្នុងនាមជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra មក លោក ព្រាប សុវត្ថិ បានបង្ហើរសំនៀងជាច្រើនបទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យកន្លងទៅ និងថ្មីៗនេះ គឺចម្រៀងទាក់ទងនឹងគ្រោះទឹកជំនន់ និងបទមនោសញ្ចេតនាបែបយុវវ័យជាច្រើន ដោយបទនីមួយៗគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ បទទី១ គឺ «ខែភ្ជុំជ្រូកយំពេញទ្រុង», បទទី២ «ភូមិខ្ញុំ Update», បទទី៣ «អូនជាឆ្មា បងជាកណ្តុរ» និងបទទី៤ «បងស្រណោះឆ្នាំទៅ» និងចម្រៀងជាបន្តបន្ទាប់ទៀត៕