(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ Circle K ជាម៉ាតដ៏ល្បីនៅកម្ពុជា បានសហការជាមួយអាជ្ញាធរសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ចុះចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឧបត្ថម្ភស្បៀងអាហារមានដូចជា៖ មី ត្រីខ ទឹកត្រី អង្ករ ស្ករគ្រាប់ Milkita នំTenta ចាហួយFAFA សាប៊ូដុសខ្លួនL'affair សាប៊ូកក់សក់Elizzer សាប៊ូបោកសម្លៀកបំពាក់Eazy Happy Sweet និងនំLotus ដែលអំណោយទាំងនោះក៏មានការចូលរួមឧបត្ថម្ភពីបណ្តាលក្រុមហ៊ុនមានដូចជា S.C FOOD TRADING CO.,LTD KONG NUON GROUP LIWAYWAY LENG SENG HOUT VISTALAB HENG SRENG DETRIBUTION និង KANG PING CAMBODIA CO.,LTD។

គួរជម្រាបថា កម្ពុជាបាននិងកំពុងប្រឈមជាមួយនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំណាំចម្ការ សត្វចិញ្ចឹម និងធនធានជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលលំបាកនេះ ក្រុមហ៊ុនម៉ាត Circle K និងក្រុមហ៊ុនដៃគូ ដោយមានការសហការគាំទ្រ យ៉ាងសកម្មពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច បានចែកជូនប្រជាពលរដ្ឋទាំងនេះ ដើម្បីជាការរួមចំណែកកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយផ្នែកទៀត៕