(ក្រុងឡុងដ៍)៖ Arsenal និង Leicester City សុទ្ធតែរកបាន ៣ពិន្ទុបន្ថែមដូចគ្នា គ្រាដែលមាន់ខ្នាយមាស Tottenham Hotspur ចាញ់ក្នុងនាម ៣ក្រុមរបស់អង់គ្លេសដែលលេងនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះ។
Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Mikel Arteta រកបាន ៣ពិន្ទុក្នុងដីនៃកីឡដ្ឋានដោយស្រួល តាមរយៈបំបាក់ក្រុម Dundalk ក្នុងលទ្ធផល ៣-០ ដើម្បីបន្តកាន់កាប់កំពូលតារាងនៃពូល B ក្នុងចំណោម ២ប្រកួតមកនេះ តាមពីក្រោយដោយ Molde ដែលបានយកឈ្នះ Rapid Wien ១-០ នារាត្រីថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ ដូចគ្នា រកបាន ៦ពិន្ទុមិនទាន់ចាញ់ផងដែរ។
យ៉ាងណាមិញសម្រាប់ឯការប្រកួតសន្សំពិន្ទុប្រចាំពូល G វិញ Leicester City ក៏បន្តរកបាន ៣ពិន្ទុជាលើកទី២ ទៀតដែរ ក្រោយយកឈ្នះ AEK Athens របស់ក្រិក ២-១ ដើម្បីបន្តឈរនៅលេខ២ ក្នុងតារាងទៀតដែរជាមួយនឹង ៦ពិន្ទុស្មើក្រុមកំពូលតារាង SC Braga ដែលបានយកឈ្នះ ២-១ ដូចគ្នាទៅលើម្ចាស់ផ្ទះ Zorya។
តែសម្រាប់ក្រុម Tottenham Hotspur ដែលដឹកនាំដោយលោក Jose Mourinho វិញ បែរជាភ្លាត់ស្នៀតចាញ់ម្ចាស់ផ្ទះ Royal Antwerp ក្នុងលទ្ធផល ១-០ ក្នុងប្រកួតទី២ របស់ពួកគេនៅ Europa League បន្ទាប់ពីបំបាក់ក្រុម LASK ៣-០ កាលពីថ្ងៃបើកឆាក និងធ្លាក់មកឈរនៅលេខ២ វិញដោយមាន ៣ពិន្ទុស្មើជាមួយ LASK ដែលបានយកឈ្នះក្រុមភ្ញៀវ Ludogorets Razgrad ៤-៣ នៅយប់មិញនេះដូចគ្នានៃវគ្គសន្សំពិន្ទុប្រចាំពូល J៕