(ក្រុងឡុងដ៍)៖ អតីតកីឡាករខ្សែបម្រើ Nobby Stiles ដែលជាសមាជិករួមចំណែកជួយក្រុមជម្រើសជាតិអង់គ្លេស លើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 1966 បានទទួលមរណភាពហើយក្នុងវ័យ ៧៨ឆ្នាំ ដោយជំងឺប្រចាំកាយ។នេះបើតាមការចេញផ្សាយពីគេហទំព័រ BBC នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
លោក Nobby Stiles ដែលបានរួមចំណែកជួយតោកំណាចអង់គ្លេស ឈ្នះពានរង្វាន់ World Cup 1966 នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងអាល្លឺម៉ង់ ហើយលោកគឺជាសមាជិកទី៧ ផងដែរដែលបានទទួលមរណភាព បន្ទាប់ពីប្រធានក្រុម Bobby Moor, Alan Ball, Ray Wilson, Gordon Banks, Martin Peters និងលោក Jack Charlton។
ក្នុងអាជីពបាល់ទាត់លោកបានឈ្នះរង្វាន់ធំៗជាច្រើនរួមមាន ពានលីគអង់គ្លេស ២សម័យកាល និងពានលីគអឺរ៉ុប UEFA Champions League ១លើក ជាមួយនឹងពាន FA Charity Shield ពេលលេងឲ្យក្រុមបិសាចក្រហម និងពាន World Cup នៅឆ្នាំ១៩៦៦ ដែលជាប្រវត្តិសាស្រ្តរបស់អង់គ្លេស។
សូមរំលឹកផងថា លោក Nobby Stiles បានទទួលមរណភាពនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីលោកបានកើតនៅឆ្នាំ១៩៤២ នៅឯទីក្រុង Manchester ប្រទេសអង់គ្លេស និងបានចាប់ផ្តើមអាជីពបាល់ទាត់ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥ ជាមួយនឹងក្លិប ៣ផ្សេងគ្នាមាន Manchester United, Middlesbrough និង Preston North End ដោយបង្ហាញខ្លួនបាន ៤១៤ប្រកួត និងរកបាន ២០គ្រាប់ ជាមួយក្រុមជម្រើសជាតិអង់គ្លេស បានចូលលេងចំនួន ២៨ប្រកួត និងរកបាន ១គ្រាប់៕